The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ក្រសួងបរិស្ថាន និងភ្នាក់ងារសន្តិសុខមាតុភូមិអាមេរិក ចាប់ដៃគ្នាប្រើបច្ចេកវិទ្យាទំនើប លុបបំបាត់បទល្មើសព្រៃឈើនៅកម្ពុជា

ក្រសួងបរិស្ថាន និងភ្នាក់ងារសន្តិសុខមាតុភូមិអាមេរិក ចាប់ដៃគ្នាប្រើបច្ចេកវិទ្យាទំនើប លុបបំបាត់បទល្មើសព្រៃឈើនៅកម្ពុជា
ភ្នំពេញ, ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦៖ កម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការអនុវត្តច្បាប់ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីតាមដាន និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសព្រៃឈើ ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។

កិច្ចពិភាក្សានេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន រវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក Devineni Udaykiran អនុព័ន្ធស្តីទីប្រចាំប្រទេស នៃទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (Homeland Security Investigations - HSI) ប្រចាំទីក្រុងហូជីមិញ។


ក្នុងនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់លើជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារធនធានធម្មជាតិ ដោយរាល់បទល្មើសព្រៃឈើ និងធនធានធម្មជាតិ នឹងត្រូវចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយសំណុំរឿងទាំងអស់នឹងត្រូវបញ្ជូនទៅតុលាការដោយគ្មានការយោគយល់ ដើម្បីធានាបាននូវសមធម៌ច្បាប់។ ការប្រើប្រាស់បច្ចេកវិទ្យាជាយុទ្ធសាស្ត្រ ក្នុងយុគសម័យឌីជីថល ក្រសួងបរិស្ថានបានដាក់ចេញនូវប្រព័ន្ធតាមដានទំនើបៗ ដើម្បីស្រាវជ្រាវ និងទប់ស្កាត់បទល្មើស។

ពិសេស កិច្ចសហការជាមួយ HSI នឹងផ្ោតសំខាន់លើការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកទេសដើម្បីតាមដានសកម្មភាពល្មើសច្បាប់ក្នុងព្រៃអភិរក្ស ក៏ដូចជា យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកពីការអនុវត្ត «ភាពបៃតង ២.១» ដែលជាមុំយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការស្ដារ និងពង្រីកគម្របព្រៃឈើនៅកម្ពុជា ឱ្យសម្រេចបាននូវអព្យាក្រឹតកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environmentប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environment
ជាការឆ្លើយតប លោក Devineni Udaykiran បានសម្តែងការកោតសរសើរចំពោះចំណាត់ការដ៏ក្តៅគគុក និងច្បាស់លាស់របស់ក្រសួងបរិស្ថានកម្ពុជា។ ទីភ្នាក់ងារ HSI បានប្តេជ្ញានឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសធនធានធម្មជាតិឆ្លងដែន និងការគ្រប់គ្រងធនធានឱ្យបានគង់វង្ស។

ការរឹតចំណងមិត្តភាពរវាងក្រសួងបរិស្ថាន និងភ្នាក់ងារសន្តិសុខមាតុភូមិអាមេរិកនាពេលនេះ ត្រូវបានគេមើលឃើញថាជាជំហានវិជ្ជមានថ្មីមួយទៀត ក្នុងការលើកកម្ពស់អភិបាលកិច្ចបរិស្ថាន និងការការពារសម្បត្តិធម្មជាតិរបស់កម្ពុជា ឱ្យមានភាពសុក្រឹតតាមស្តង់ដារអន្តរជាតិ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2