The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

កម្ពុជា និង ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់អាស៊ាន

កម្ពុជា និង ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់អាស៊ាន
ភ្នំពេញ, ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦៖ ព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងស្អិតរមួតបន្ថែមទៀត ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ខណៈដែលប្រទេសទាំងពីរត្រៀមខ្លួនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ ខាងមុខ។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយ ឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC)។

ក្នុងជំនួបដ៏មានអត្ថន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពាំនាំនូវការសួរសុខទុក្ខ និងពរជ័យយ៉ាងកក់ក្តៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះឯកឧត្តម Anwar Ibrahim ជាពិសេសក្នុងឱកាសនៃថ្ងៃខួបកំណើតរបស់លោកនាពេលខាងមុខ និង បានបង្ហាញការដឹងគុណចំពោះតួនាទីរបស់ម៉ាឡេស៊ីក្នុងបុព្វហេតុសន្តិភាព ដោយកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាពក្នុងតំបន់។

ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីអតីតកាល តាមរយៈ "កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (Kuala Lumpur Peace Accord)" និងការបង្កើត "ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)" ដែលជាយន្តការដ៏សំខាន់ក្នុងការរក្សាស្ថិរភាព។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperationប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation
ក្នុងនាមជាមិត្តជិតខាង និងជាសមាជិកអាស៊ាន កម្ពុជាបានប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ី ដើម្បីលើកកម្ពស់កម្រិតនៃភាពជាដៃគូឱ្យកាន់តែរឹងមាំ ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរស្តម្ភនៃសន្តិភាព និងវិបុលភាពសម្រាប់សហគមន៍អាស៊ានទាំងមូល។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជានាពេលនេះ គឺជាសញ្ញាណវិជ្ជមានមួយទៀតនៃការពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ។

ជាមួយគ្នានោះ កម្ពុជា និងម៉ាឡេស៊ី នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០២៧ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ី ដើម្បីលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2