The Khmer Daily Network Logo
National
19 May 2026 3:45 AM1 week agoLim_Rothanaksambath

ឥទ្ធិពលវិស័យបវរកញ្ញាកម្ពុជា! កម្ពុជា ក្តោបឱកាសផ្សព្វផ្សាយពីបញ្ហាព្រំដែន ខណៈត្រៀមធ្វើម្ចាស់ផ្ទះកម្មវិធីអន្តរជាតិ ២ ស្វាគមន៍បវរកញ្ញាមកពីជុំវិញពិភពលោក

ឥទ្ធិពលវិស័យបវរកញ្ញាកម្ពុជា! កម្ពុជា ក្តោបឱកាសផ្សព្វផ្សាយពីបញ្ហាព្រំដែន ខណៈត្រៀមធ្វើម្ចាស់ផ្ទះកម្មវិធីអន្តរជាតិ ២ ស្វាគមន៍បវរកញ្ញាមកពីជុំវិញពិភពលោក

Universal Woman in Cambodia

ជាផ្នែកនៃការប្រូម៉ូតផ្សព្វផ្សាយ Soft Power របស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោក វិស័យបវរកញ្ញា និងបុរសឯក បានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាបអំពី ការលើកកម្ពស់វប្បធម៌ និងកិត្យានុភាពជាតិ ការផ្សព្វផ្សាយវិស័យទេសចរណ៍ ការលើកកម្ពស់សិទ្ធិស្ដ្រី និងសមភាពយេនឌ័រ ការគាំពារបរិស្ថាន និងសប្បុរសធម៌ ព្រមទាំងការកសាងស្មារតីយុវជនក្នុងសង្គមជាតិផងដែរ។


ស្របពេលដែលវិស័យបវរកញ្ញា និងបុរសឯកកម្ពុជាកំពុងផុសផុលយ៉ាងខ្លាំងក្លាលើឆាកជាតិ និងអន្តរជាតិ កម្ពុជាមានមោទនភាពក្នុងការទទួលបន្ទុកធ្វើម្ចាស់ផ្ទះរៀបចំកម្មវិធីអន្តរជាតិចំនួន ២ ក្នុងឆ្នាំ២០២៦នេះ គឺទី១. កម្មវិធី Miss Teen Universe 2026 និងទី២. កម្មវិធី Universal Woman 2026។


កម្មវិធី Miss Teen Universe 2026 ជាការប្រកួតបវរកញ្ញាវ័យជំទង់ ហើយនេះជាលើកដំបូងបង្អស់ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតលំដាប់អន្តរជាតិ ក្រោមការគ្រប់គ្រងរបស់ លោក អ៊ិន វិចិត្រ។ តាមការប្រកាសកន្លងទៅ មានបវរកញ្ញាប្រមាណជិត ៥០ ប្រទេសជុំវិញពិភពលោកនឹងធ្វើដំណើរមកកម្ពុជា ដើម្បីប្រកួតកម្មវិធីអន្តរជាតិនេះ។


ដោយឡែក កម្មវិធី Universal Woman 2026 ជាកម្មវិធីដែលអនុញ្ញាតឱ្យស្ត្រីគ្រប់បែបផែន ទាំងស្ត្រីនៅលីវ និងស្ត្រីរៀបការ មានកូនហើយក៏អាចប្រកួតបាន។ កម្មវិធីនេះលើកស្ទួយភាពជាអ្នកដឹកនាំ ការងារសង្គម ភាពជឿជាក់លើខ្លួនឯង និងតួនាទីស្ត្រីក្នុងសង្គមសម័យថ្មី។


នេះជាលើកទី២ ដែលកម្ពុជាទទួលបន្ទុកធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតលំដាប់អន្តរជាតិនេះ ក្រោមការគ្រប់គ្រងរបស់ អ្នកនាង ប្រាសាទ ដាវីន ដូចលើកទី១ ដែលរៀបចំឡើងកាលពីឆ្នាំ២០២៤ និងទទួលបានភាពជោគជ័យយ៉ាងភ្លូកទឹកភ្លូកដី ព្រោះកម្ពុជាបាននាំបវរកញ្ញាមកពីជុំវិញពិភពលោកទៅទស្សនកិច្ចទីតាំងសំខាន់ៗ សិក្សាពីសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ភ្លក់ម្ហូបអាហារខ្មែរ ពិសេសដំណើរទស្សនកិច្ចទៅកាន់ប្រាសាទអង្គរវត្ត និងការតុបតែងតួអង្គអប្សរា ថតនៅមុខប្រាសាទអង្គរវត្តដ៏អច្ឆរិយៈរបស់ព្រះរាជាណាចក្រកម្ពុជា។


នេះជាឱកាសដ៏កម្រដែលកម្ពុជាអាចបញ្ជ្រាប និងប្រម៉ូតផ្សព្វផ្សាយពីភាពអច្ឆរិយនៃដែនដីសុវណ្ណភូមិកម្ពុជា ពោរពេញដោយភាពរស់រវើក និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ និងកេរ្តិ៍មរតកដ៏អស្ចារ្យ។ អ្វីដែលគេរំពឹងយ៉ាងមុតមាំពីការធ្វើម្ចាស់ផ្ទះកម្មវិធីអន្តរជាតិនេះ គឺការក្តោបឱកាសផ្សព្វផ្សាយពីបញ្ហាព្រំដែនផ្លូវគោកកម្ពុជា-ថៃ ព្រោះវេទិកាបវរកញ្ញា និងបុរសឯក ជាកន្លែងដ៏មានឥទ្ធិពលក្នុងការបង្ហាញពីទស្សនៈផ្ទាល់ខ្លួន និងការប្រើប្រាស់សម្លេងដ៏មានឥទ្ធិពលដើម្បីកែប្រែសង្គមជាតិឱ្យកាន់តែប្រសើរឡើង៕
Miss Teen Universe 2026 Host Country

Miss Teen Universe 2026 Host Country

Universal Woman 2026 Host Country

Universal Woman 2026 Host Country

Picturte: Miss Universal woman in cambodia

Picturte: Miss Universal woman in cambodia