The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

អបអរទិវាគ្រូបង្រៀនឆ្នាំ២០២៦! ក្រសួងអប់រំ ប្រកាសរៀបចំពិព័រណ៍ស្នាដៃគំនូររចនា «គ្រូបង្រៀនជាសសរស្ដម្ភនៃគរុកោសល្យទំនើប»

អបអរទិវាគ្រូបង្រៀនឆ្នាំ២០២៦! ក្រសួងអប់រំ ប្រកាសរៀបចំពិព័រណ៍ស្នាដៃគំនូររចនា «គ្រូបង្រៀនជាសសរស្ដម្ភនៃគរុកោសល្យទំនើប»
ភ្នំពេញ, ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងថ្មីមួយ អញ្ជើញសាធារណជន សិស្ស និស្សិត និងអ្នកស្នេហាវិស័យសិល្បៈ ឱ្យចូលរួមដាក់បង្ហាញស្នាដៃគំនូររចនា ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦ ខាងមុខនេះ។

ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមប្រធានបទដ៏មានអត្ថន័យ «គ្រូបង្រៀនជាសសរស្ដម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សទី២១»។

ពិព័រណ៍នេះនឹងរៀបចំឡើងជាលក្ខណៈ «វិចិត្រសាលបើកទូលាយ» (Open Gallery) ដោយបែងចែកស្នាដៃជា ២ ប្រភេទ គឺ រូបគំនូរតំណាងព្រឹត្តិការណ៍ (Key Visual) ជាគំនូរដែលបង្កប់អត្ថន័យស៊ីជម្រៅនៃប្រធានបទប្រចាំឆ្នាំ និង អក្សររចនាលើជញ្ជាំង (Graffiti) ការច្នៃប្រឌិតអក្សរនៃប្រធានបទ រួមជាមួយរូបភាពអមឱ្យមានភាពរស់រវើក និងទំនើប។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងសេចក្ដីជូនដំណឹងនេះ គឺក្រសួងអប់រំបានសង្កត់ធ្ងន់លើ «ស្នាដៃដើម» (Original Work) ដោយក្រសួងបានហាមដាច់ខាត នូវការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតស្នាដៃ។ រាល់ស្នាដៃដែលរកឃើញថា ប្រើ AI នឹងត្រូវដកចេញដោយស្វ័យប្រវត្តិ ដើម្បីលើកកម្ពស់ទេពកោសល្យពិត និងតម្លៃកម្មសិទ្ធិបញ្ញា។

តាមរយៈកម្មវិធីនេះ ក្រសួងអប់រំ យុវជន និងកីឡា មានបំណងបំផុសស្មារតីសាធារណជនឱ្យយល់ដឹងពីតម្លៃគ្រូបង្រៀន និងផ្តល់វេទិកាសម្រាប់សម្តែងការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូនៅទូទាំងប្រទេស។ គណៈកម្មការ នឹងជ្រើសរើសស្នាដៃចំនួន ១៥ ដើម្បីដាក់តាំងបង្ហាញ ហើយស្នាដៃឆ្នើមបំផុតចំនួន ១ នឹងត្រូវយកទៅប្រើប្រាស់ជាផ្លូវការក្នុងសម្ភារៈផ្សព្វផ្សាយ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗនៃទិវាគ្រូបង្រៀន។

សម្រាប់លោកអ្នកដែលមានបំណងចង់ដាក់ពាក្យចូលរួម

កាលបរិច្ឆេទ និងរបៀបដាក់ពាក្យបង្ហាញស្នាដៃគំនូររចនា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភនៃគរុកោសល្យទំនើប» អាចផ្ញើរស្នាដៃតាមរយៈសារអេឡិកត្រូនិក event@moeys.gov.kh ដោយស្នាដៃត្រូវមានទម្រង់ជាឯកសារឌីជីថល (JPEG, PNG, ឬ PDF) ដែលមានគុណភាពច្បាស់ (High Resolution) និង
ត្រូវភ្ជាប់មកជាមួយនូវអត្ថបទពិពណ៌នា (Caption) អំពីអត្ថន័យនៃស្នាដៃរបស់ខ្លួន និងបញ្ជាក់ អំពីប្រភព (បើមានការដកស្រង់)។

ពាក្យនឹងឈប់ទទួលនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ ល្ងាច។ សម្រាប់ចម្ងល់ ឬជំនួយបន្ថែមក្នុងការបញ្ជូនស្នាដៃ សូមទាក់ទងមកកាន់ក្រុមការងារតាមរយៈ Telegram : 099 864 657 (កញ្ញា គន្ធា មល្លីកា)

សូមបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយកិច្ចសហការរវាង ក្រសួងអប់រំ យុវជន និងកីឡា (នាយកដ្ឋានរដ្ឋបាល, នាយកដ្ឋានបរិវិត្តកម្មឌីជីថល) និងអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3