The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ឯកឧត្តម ទេព អស្នារិទ្ធ អញ្ជើញទស្សនាការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា» នៅកំពង់ឆ្នាំង

ឯកឧត្តម ទេព អស្នារិទ្ធ អញ្ជើញទស្សនាការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា» នៅកំពង់ឆ្នាំង
ភ្នំពេញ, ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអញ្ជើញចុះទស្សនាការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ដ៏មានអត្ថន័យជ្រាលជ្រៅមួយ ក្រោមប្រធានបទ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ នៅបរិវេណសួនឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក្នុងខេត្តកំពង់ឆ្នាំង។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានស្វាគមន៍ និងជម្រាបជូនឯកឧត្តមអំពីគោលបំណងចម្បងៗនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងអរិយធម៌ បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ អំពីឫសគល់នៃអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ។ ការជំរុញការអភិរក្ស តាមរយៈការចូលរួមថែរក្សា ការពារ និងអភិវឌ្ឍវប្បធម៌ជាតិ ក្រោមស្មារតី «កម្ពុជា ! ព្រះរាជាណាចក្រនៃវប្បធម៌» និងបង្ហាញពីតម្លៃនៃមរតកដូនតាដែលធ្លាប់បានបាត់បង់ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទារឱ្យវត្ថុសិល្បៈទាំងនោះវិលត្រឡប់មកមាតុភូមិវិញ។

នាឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរវប្បធម៌ ក៏ដូចជាក្រសួងពាក់ព័ន្ធ ដែលបាននាំយកវត្ថុបុរាណទាំងនេះមកដាក់តាំងបង្ហាញដល់សាធារណជនក្នុងតំបន់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា វត្ថុបុរាណទាំងនេះមិនមែនត្រឹមតែជាវត្ថុសិល្បៈនោះទេ ប៉ុន្តែវាគឺជា «ដួងព្រលឹង» និងជាសាក្សីរស់នៃប្រវត្តិសាស្ត្រខ្មែរ ដែលកូនខ្មែរគ្រប់រូបត្រូវតែស្គាល់ និងមានមោទនភាព។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំងប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង
សូមជម្រាបថា ការតាំងពិព័រណ៍នេះ គឺជាផ្នែកមួយនៃយុទ្ធនាការថ្នាក់ជាតិរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់ពីកម្ពុជាសម្រេចបាននូវជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងការទាមទារបានមកវិញនូវវត្ថុបុរាណរាប់រយដុំពីបណ្តាប្រទេសនានា និងសារមន្ទីរល្បីៗលើពិភពលោក (ដូចជាសារមន្ទីរ Metropolitan ក្នុងសហរដ្ឋអាមេរិកជាដើម)។ សកម្មភាពនេះឆ្លុះបញ្ចាំងពីសន្តិភាព និងស្ថិរភាពនយោបាយ ដែលអនុញ្ញាតឱ្យកម្ពុជាអាចបំពេញបេសកកម្មនាំយក «ព្រលឹងដូនតា» មកជួបជុំគ្នាវិញនៅលើទឹកដីមាតុភូមិ។

ឆ្លៀតឱកាសនេះ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ក៏បានគោរពអញ្ជើញព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងភ្ញៀវទេសចរទាំងអស់ ចូលរួមទស្សនាការតាំងពិព័រណ៍នេះដោយសេរី ដែលនឹងបន្តរៀបចំរហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងដដែល ដើម្បីរួមគ្នាស្វែងយល់ និងការពារបេតិកភណ្ឌជាតិយើងទាំងអស់គ្នា៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1