The Khmer Daily Network Logo

Border Conflict

2 hours agoLim_Rothanaksambath

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពព្រំដែនតំបន់បឹងត្រកួន ខណៈពលរដ្ឋជិត ៩ពាន់នាក់ នៅតែបន្តភៀសសឹក

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពព្រំដែនតំបន់បឹងត្រកួន ខណៈពលរដ្ឋជិត ៩ពាន់នាក់ នៅតែបន្តភៀសសឹក
ភ្នំពេញ, ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) បានចុះផ្ទាល់ដល់តំបន់ព្រំដែនបឹងត្រកួន ដើម្បីផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែង ក្រោយបទឈប់បាញ់ចូលជាធរមាន ខណៈដែលប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន ដោយសារការកាន់កាប់ទឹកដីដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលដឹកនាំដោយប្រធានបេសកកម្មមកពីសាធារណរដ្ឋហ្វីលីពីន ចុះទៅកាន់តំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

របាយការណ៍បានបង្ហាញថា រហូតមកទល់ពេលនេះ មានប្រជាពលរដ្ឋស៊ីវិលចំនួន ១,៨៧០គ្រួសារ (ស្មើនឹង ៨,៧៩០នាក់ ក្នុងនោះមានកុមារ ១,៩៨០នាក់) កំពុងស្ថិតក្នុងស្ថានភាពភៀសសឹក។ មូលហេតុដែលពួកគេមិនអាចត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺដោយសារកងកម្លាំងយោធាថៃបានចូលកាន់កាប់ទីតាំងនោះដោយខុសច្បាប់ តាមរយៈការរាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រ ព្រមទាំងមានការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរថែមទៀតផង។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ
តាមរយៈការចុះសង្កេតការណ៍នេះ កម្ពុជាបានគូសបញ្ជាក់ពីភាពចាំបាច់ដាច់ខាត ក្នុងការឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ចាប់ផ្តើមការងារវាស់វែងឱ្យបានឆាប់បំផុត។ សកម្មភាពនេះត្រូវធ្វើឡើងស្របតាមកិច្ចព្រមព្រៀងនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធានាថាប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅវិញដោយសុវត្ថិភាព និងកិត្តិយស។

ជាមួយគ្នានោះ ក្រសួងការពារជាតិកម្ពុជា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដីដោយផ្អែកលើគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris), អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ព្រមទាំងផែនទីដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម និង អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣។

កម្ពុជាបានសង្កត់ធ្ងន់ថា នឹងមិនទទួលស្គាល់ជាដាច់ខាតនូវរាល់ការកែប្រែខ្សែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងយោធា ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (fait accompli) ពីសំណាក់ភាគីថៃឡើយ។ កម្ពុជា នឹងបន្តធ្វើការតវ៉ាជាផ្លូវការចំពោះរាល់សកម្មភាពឯកតោភាគីណាមួយដែលរំលោភបំពានលើបូរណភាពទឹកដីរបស់កម្ពុជា៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3