The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ឯកឧត្តម វង្សី វិស្សុត និងភារធារីស្តីទីអាម៉េរិក ពិភាក្សាលើការកសាងជាតិ ការពង្រីកពាណិជ្ជកម្ម និងការបោសសម្អាតបទល្មើសបច្ចេកវិទ្យា

ឯកឧត្តម វង្សី វិស្សុត និងភារធារីស្តីទីអាម៉េរិក ពិភាក្សាលើការកសាងជាតិ ការពង្រីកពាណិជ្ជកម្ម និងការបោសសម្អាតបទល្មើសបច្ចេកវិទ្យា
ភ្នំពេញ, ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៖ ក្នុងស្មារតីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នៅវិមានសន្តិភាព។

កិច្ចជំនួបនេះបានលើកយកនូវរបៀបវារៈសំខាន់ៗជាច្រើនមកពិភាក្សា ចាប់ពីការកសាងជាតិ រហូតដល់កិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងពីមេរៀនបទពិសោធន៍ ២៥០ឆ្នាំ នៃឯករាជ្យភាពរបស់សហរដ្ឋអាម៉េរិក និងគំរូនៃប្រទេសសិង្ហបុរី ដោយសង្កត់ធ្ងន់ថា ការកសាងជាតិឱ្យរឹងមាំត្រូវផ្អែកលើ «គុណតម្លៃរួម»។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាអាចរៀនសូត្រពីចំណុចនេះ ដើម្បីជំរុញដំណើរការកសាងជាតិឱ្យកាន់តែរឹងមាំសម្រាប់រយៈពេល ១០០ឆ្នាំទៅមុខ និងដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។

ជាមួយគ្នានោះ លោកជំទាវ Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក៏បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោកជំទាវ បានរំលេចនូវជោគជ័យនៃកិច្ចព្រមព្រៀង «មេឃបើកចំហ» (Open Skies Agreement) និងការដែលកម្ពុជាចូលជារដ្ឋសមាជិកនៃអនុសញ្ញា Cape Town ដែលជាសញ្ញាវិជ្ជមានសម្រាប់វិស័យអាកាសចរណ៍។ បន្ថែមពីនេះ ដំណើរទស្សនកិច្ចរបស់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) កាលពីពេលថ្មីៗនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងរបស់វិនិយោគិនអាម៉េរិកមកលើទីផ្សារកម្ពុជា។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ គ.ក.ចប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ គ.ក.ច
ជាចំណុចគន្លឹះនៃកិច្ចពិភាក្សា ឯកឧត្តម វង្សី វិស្សុត បានអះអាងយ៉ាងច្បាស់នូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដោយបញ្ជាក់ថា រដ្ឋាភិបាលមិនត្រឹមតែមិនទទួលបានផលប្រយោជន៍ពីសកម្មភាពនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរងគ្រោះដោយសារការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតិទៀតផង។ ក្នុងន័យនេះ កម្ពុជាស្នើឱ្យមានការចូលរួមសហការកាន់តែជិតស្និទ្ធពីដៃគូអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក។

ក្នុងឱកាសនៃជំនួបដ៏មានអត្ថន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហរសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក ដែលបានដើរតួនាទីក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់នាពេលកន្លងមក។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពបន្តពង្រឹងភាពជាដៃគូលើវិស័យយុទ្ធសាស្ត្រជាច្រើនទៀត រួមមាន៖ សុខាភិបាល, ថាមពល, សន្តិសុខ និងការការពារជាតិ ដោយឈរលើគោលការណ៍គោរពគ្នា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1