ភាពស្រដៀងគ្នានៃទម្រង់សិល្បៈវប្បធម៌រវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ កើតចេញពីឫសគល់រួមនៃវប្បធម៌តំបន់ (Shared Cultural Heritage) ក្នុងនោះមាន កម្ពុជា ថៃ ឡាវ និង ភូមា ជាដើម សុទ្ធសឹងតែទទួលឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌ឥណ្ឌាតាំងពីបុរាណកាល តាមរយៈព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា រួមទាំង ភាសា សិល្បៈ និងរបៀបស្លៀកពាក់ ជាដើម។
ភាពស្រដៀងគ្នាទាំងអស់នេះ បានបង្កើតភាពវិជ្ជមាន និងអវិជ្ជមាន ក៏ដូចជា ភាពចម្រូងចម្រាសផ្នែកវប្បធម៌រាប់សិបឆ្នាំមកហើយ រហូតក្លាយជាសង្គ្រាមវប្បធម៌ដ៏ត្រជាក់រវាងប្រទេស និងប្រទេស ដែលទាមទារភាពជាម្ចាស់នៃវប្បធម៌រៀងៗខ្លួន។
លើកឡើងពីភាពចម្រូងចម្រាសផ្នែកវប្បធម៌ដ៏រ៉ាំរ៉ៃ ច្បាស់ណាស់! ខួរក្បាលយើងនឹកឃើញដល់ភាពប្រទាញប្រទង់គ្នានៃភាពជាម្ចាស់លើទម្រង់សិល្បៈ និងវប្បធម៌មួយចំនួនធំរវាងខ្មែរ និងថៃ ដែលកើតជម្លោះពាក្យសម្តីវាយបកដោយប្រយោលតាមប្រព័ន្ធផ្សព្វផ្សាយ និងរូបភាពផ្សេងៗ។
ចុងក្រោយបង្អស់នេះ ស្បៃខ្មែរ គឺជាប្រធានបទក្តៅគគុកដូចបាយពុះ ដែលអ្នកប្រើប្រាស់បណ្តាញសង្គម និងសិល្បករប្រទេសទាំងពីរតឹងសរសៃកដាក់គ្នាយ៉ាងខ្លាំងក្លា ខណៈក្រុមជ្រុលនិយមថៃអះអាងថា ស្បៃជារបស់ថៃដោយគ្មានអំណះអំណាងជាក់លាក់ ប៉ុន្តែខ្មែរមានទាំងភស្តុតាង និងអំណះអំណាងច្បាស់លាស់បង្ហាញពីការចាក់ឫសយ៉ាងជ្រៅក្នុងវប្បធម៌ប្រើប្រាស់របស់ប្រជាជនខ្មែរតាំងពីសម័យហ្វូណ៊នមកម៉្លេះ។
ដើម្បីបញ្ជាក់កាន់តែច្បាស់ពីភាពជាម្ចាស់នៃស្បៃខ្មែរ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានរៀបចំកម្មវិធី “មេហ្គាភូមិវប្បធម៌” សហការដោយ សំអាងការ ស៊ីនឌី និង សមាគមសិល្បករខ្មែរ ដើម្បីលើកស្ទួយវិស័យវប្បធម៌ខ្មែរ ដោយ សំអាងការ ស៊ីនឌី បាននាំយកវត្ថុសិល្បៈ និងសម្លៀកបំពាក់ខ្មែរពីបុរាណ រួមទាំងឈុតស្បៃខ្មែរ ដែលប្រជាជនខ្មែរបានប្រើប្រាស់តាំងពីសម័យបុរាណ មកតាំងបង្ហាញជូនសាធារណជនទស្សនា និងធ្វើការសិក្សាស្វែងយល់ពីសាវតានៃឈុតនីមួយៗយ៉ាងច្បាស់លាស់។
គ្រប់ឈុតទាំងអស់ត្រូវបានពណ៌នាយ៉ាងលម្អិត បង្ហាញពីខ្នាតស្បៃឈៀង និងរង្វាស់រង្វាល់យ៉ាងត្រឹមត្រូវ រួមទាំងបែបផែន និងក្បួនខ្នាតនៃការប្រើប្រាស់ឈុតនីមួយៗ ដោយភ្ជាប់ជាមួយរូបថតរបស់ប្រជាជនខ្មែរ និងសែស្រឡាយរាជវង្សខ្មែរដែលបានប្រើប្រាស់ឈុតទាំងអស់នេះតាំងពីបរមបុរាណមកម៉្លេះ។ នេះសរបញ្ជាក់ឱ្យឃើញពីការចាក់ឫសយ៉ាងជ្រៅក្នុងវប្បធម៌ដែលប្រជាជនខ្មែរបានប្រើប្រាស់របស់ប្រជាជនខ្មែរតាំងពីបុរាណរហូតមកទល់បច្ចុប្បន្ន ដូច្នេះវាគ្មានហេតុផលអ្វីដែលខ្មែរត្រូវខ្លាចក្នុងការបង្ហាញឱ្យពិភពលោកបានដឹងថា យើងជាម្ចាស់នៃស្បៃខ្មែរ។
ក្រៅពីការតាំងបង្ហាញ ក៏មានការបង្ហាញម៉ូដឈុតស្បៃខ្មែរដ៏ប្រណីតពី សំអាងការ ស៊ីនឌី ដែលឈុតនីមួយៗរំលេចនូវក្បូរក្បាច់រចនា និងវត្ថុធាតុដើមខ្មែរសុទ្ធសាធ ជាការបញ្ជាក់ពីភាពជាម្ចាស់នៃស្បៃខ្មែរយ៉ាងពិតប្រាកដ៕
ពី៖The Khmer Daily Desk