The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

កម្ពុជា បង្ហាញឆន្ទៈមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ប្រយុទ្ធប្រឆាំងគ្រឿងញៀន

កម្ពុជា បង្ហាញឆន្ទៈមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ, ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៖ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពក្នុងតំបន់ កម្ពុជាបានបន្តបង្ហាញជំហរយ៉ាងរឹងមាំក្នុងការរួមចំណែកជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការលុបបំបាត់ការរីករាលដាលនៃគ្រឿងញៀន។ តួយ៉ាង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមក្នុង «កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៤៧ ស្តីពីបញ្ហាគ្រឿងញៀន និងកិច្ចប្រជុំពាក់ព័ន្ធ (47th ASOMD)» ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូអនឡាញ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីតំណាងមន្ត្រីជាន់ខ្ពស់នៃរដ្ឋសមាជិកអាស៊ានទាំង ១១ រួមទាំង ទីម័រឡេស្តេក្នុងនាមជាអ្នកសង្កេតការណ៍ និងលេខាធិការដ្ឋានអាស៊ាន ដើម្បីពិភាក្សា និងវាយតម្លៃលើវឌ្ឍនភាពនៃផែនការសកម្មភាពអាស៊ានក្នុងការការពារសហគមន៍ឱ្យផុតពីគ្រឿងញៀនខុសច្បាប់។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងសន្ទរកថាស្វាគមន៍ដោយសង្កត់ធ្ងន់ថា កម្ពុជានៅតែរក្សាឆន្ទៈមុតមាំបំផុតក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយដៃគូអន្តរជាតិ និងរដ្ឋសមាជិកអាស៊ានទាំងអស់។

ឯកឧត្តមបានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាភារកិច្ចដាច់ដោយឡែករបស់ប្រទេសណាមួយឡើយ ប៉ុន្តែវាទាមទារឱ្យមានការសហការគ្នាជាធ្លុងមួយ ជាពិសេសលើការផ្លាស់ប្តូរព័ត៌មាន ការអនុវត្តច្បាប់ និងការងារស្តារនីតិសម្បទា។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន National Authority for Combating Drugsប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន National Authority for Combating Drugs
ក្នុងនោះផងដែរ កិច្ចប្រជុំ ASOMD លើកទី៤៧ បានលើកឡើងពីចំនុចសំខាន់ៗ រួមមាន៖ ការពិនិត្យឡើងវិញនូវរបាយការណ៍គ្រឿងញៀនអាស៊ាន (ASEAN Drug Monitoring Report) ផ្តោតលើការវិភាគលើនិន្នាការនៃការផលិត និងការជួញដូរគ្រឿងញៀនសំយោគក្នុងតំបន់។ កិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា ដោយអាស៊ានគ្រោងពង្រឹងយន្តការការងារជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងរុស្ស៊ី ដើម្បីបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងការអនុវត្តផែនការការងារអាស៊ាន ២០១៦-២០២៥៖ ការត្រួតពិនិត្យជំហានចុងក្រោយនៃផែនការដប់ឆ្នាំ និងការរៀបចំយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលបន្ទាប់។

ជាការកត់សម្គាល់ កិច្ចប្រជុំ ASOMD គឺជាយន្តការកម្រិតខ្ពស់ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីតម្រង់ទិសគោលនយោបាយ និងយុទ្ធសាស្ត្ររួមរបស់អាស៊ាន ក្នុងបេសកកម្មឆ្ពោះទៅរក «អាស៊ានដែលគ្មានគ្រឿងញៀន» ទោះបីជាបច្ចុប្បន្នតំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងបញ្ហាគ្រឿងញៀនសំយោគយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាបញ្ហានៅតំបន់ត្រីកោណមាសក៏ដោយ។

តាមរយៈកិច្ចប្រជុំនេះ កម្ពុជាសង្ឃឹមថានឹងទទួលបាននូវធាតុចូលថ្មីៗ និងការគាំទ្រផ្នែកបច្ចេកទេសបន្ថែមទៀត ដើម្បីយកមកអនុវត្តក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមមូលដ្ឋានក្នុងប្រទេស ក៏ដូចជាតាមបណ្តោយព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2