The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ការអនុគ្រោះពន្ធដីធ្លី និងលើកលែងពិន័យរហូតដល់ចុងឆ្នាំ២០២៧

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ការអនុគ្រោះពន្ធដីធ្លី និងលើកលែងពិន័យរហូតដល់ចុងឆ្នាំ២០២៧
ភ្នំពេញ, ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវវិធានការគន្លឹះចំនួន ៤ ចំណុច ពាក់ព័ន្ធនឹងការផ្តល់ការអនុគ្រោះពន្ធ និងការលើកលែងការពិន័យផ្សេងៗលើការបង់ពន្ធប្រថាប់ត្រា ដើម្បីជំរុញដំណើរការចុះបញ្ជីដីធ្លីឱ្យកាន់តែលឿន និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។

ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចនូវការផ្តល់ការអនុគ្រោះសំខាន់ៗដូចខាងក្រោម៖

-ផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរង ពិន័យស្មើនឹង ១០០ (មួយរយ) ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់ ចំពោះដីកាអម ឬដីកាបញ្ជូនហួស រយៈពេល ៣ខែ នៃកាលបរិច្ឆេទដែលចេញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត រហូតដល់ដំណាច់ឆ្នាំ២០២៧។
-អនុញ្ញាតពន្យារសុពលភាពនៃសេចក្តីជូនដំណឹងលេខ ៣៦៧ សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយ ចំពោះករណី អចលនទ្រព្យដែលមានសាវតារផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើនដង ត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦។
-អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រានិងពន្ធលើអចលនទ្រព្យលើសំណង់ចុងក្រោយ ដោយគ្រាន់តែមានលិខិត អនុញ្ញាតសាងសង់ឬមានការបញ្ជាក់ពីសំណង់ដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធលើកាលបរិច្ឆេទ សាងសង់។
-លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណនិងតួនាទីភារកិច្ចពី អង្គភាពសាមី។

វិធានការទាំងនេះ ត្រូវបានគេមើលឃើញថាជាការបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅពង្រឹងការគ្រប់គ្រងដីធ្លី និងធានាបាននូវសិទ្ធិកាន់កាប់អចលនទ្រព្យស្របច្បាប់របស់ប្រជាពលរដ្ឋ ជាពិសេសការជំរុញការចុះបញ្ជីដីធ្លីបង្ហើយនៅទូទាំងប្រទេស៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2