The Khmer Daily Network Logo

Education

1 hour agoLim_Rothanaksambath

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្ពោធអគារសិក្សាថ្មីកម្ពស់ ៦ជាន់ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្ពោធអគារសិក្សាថ្មីកម្ពស់ ៦ជាន់ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី
ភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដែលជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋដ៏ចំណាស់ និងឈានមុខគេនៅកម្ពុជា បានរៀបចំពិធីដ៏ធំមួយគឺការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ចំណត និងការិយាល័យកម្ពស់ ៦ជាន់ ព្រមជាមួយពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន ៤,០០១អង្គ/នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦នេះ។

អគារថ្មីដែលទើបនឹងសម្ពោធនេះ មានកម្ពស់ ៦ជាន់ ដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង រួមមានបន្ទប់សិក្សាបំពាក់ដោយឧបករណ៍ទំនើប ការិយាល័យរដ្ឋបាល និងកន្លែងផ្តល់សេវាផ្សេងៗ ព្រមទាំងចំណតយានយន្ត ដើម្បីឆ្លើយតបទៅនឹងកំណើនសិស្ស និងតម្រូវការជាក់ស្តែងនៃវិស័យអប់រំនៅកម្ពុជា។ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រលើកកម្ពស់គុណភាពឧត្តមសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព និងផាសុកភាពសម្រាប់និស្សិត។

នៅក្នុងពិធីប្រគល់សញ្ញាបត្រនេះ មាននិស្សិតជ័យលាភីសរុប ៤,០០១អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងវិស័យសំខាន់ៗដូចជា ច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងជំនាញផ្សេងៗទៀត។ យោងតាមរបាយការណ៍ គិតចាប់ពីឆ្នាំ១៩៨២ រហូតមកដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានបណ្តុះបណ្តាលធនធានមនុស្សបានសរុបជាង ៧៤,០០០នាក់ (ក្នុងនោះមាននិស្សិតបរទេសចំនួន ២៦៨នាក់)។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៤.០០១នាក់និងសម្ពោធ អគារសិក្សា ចំណត និងការិយាល័យ កម្ពស់៦ជាន់ ក្នុងបរិវេណសាកលវិទ្យាល័យ ដែលពិធីនេះប្រព្រឹត្តិទៅ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «យើងមិនត្រូវទៅរៀនដោយគ្រាន់តែចង់បាននិទ្ទេស A ហើយសញ្ញាបត្រចប់ តែយើងអត់ពេញនោះទេ បានន័យថា អ្នកខ្លះចង់បានតែសាលាស្រួលមិនបាច់រៀនទេ ទៅដល់បានAហើយចប់សញ្ញាបត្រហ្មងធូរ សម័យឥឡូវដាក់Homework មក បើប្រើ AI បានទៀត ប្រើហ្មងមិនបាច់ តែកុំភ្លេចណាស់ បានអាហ្នឹងមែន ប៉ិនពេលទៅប្រកួតប្រជែងក្នុងជីវិតគ្មានគ្រូជួយ គ្មានអីឱ្យពិន្ទុនោះ ពិន្ទុក្នុងសង្គមគឺពិបាកណាស់»។

និស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ RULE ភាគច្រើនបាននិងកំពុងបម្រើការងារយ៉ាងសកម្មនៅក្នុងក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន និងការប្រកបអាជីវកម្មផ្ទាល់ខ្លួន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ ការវិនិយោគលើធនធានមនុស្ស គឺជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល ដើម្បីធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពថ្លៃថ្នូរ និងកិត្តិយសនៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា សមិទ្ធផលទាំងនេះសបញ្ជាក់ឱ្យឃើញពីការរីកចម្រើនឥតឈប់ឈរនៃប្រព័ន្ធអប់រំនៅកម្ពុជា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា៕



រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3