The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ប្រែក្លាយអតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍! កម្ពុជា និង កូរ៉េ សម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលសុខភាពម៉ាឡៃ និង ភូមិសន្តិភាព

ប្រែក្លាយអតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍! កម្ពុជា និង កូរ៉េ សម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលសុខភាពម៉ាឡៃ និង ភូមិសន្តិភាព
ភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦៖ ក្រោមម្លប់នៃសុខសន្តិភាព តំបន់ដែលធ្លាប់តែជាសមរភូមិក្តៅនាពេលអតីតកាល បានប្រែក្លាយមុខមាត់ថ្មីជាតំបន់អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ជាក់ស្តែង នៅព្រឹកថ្ងៃទី០៦ ខែសីហានេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមិទ្ធផលដែលត្រូវបានសម្ពោធនាពេលនេះ គឺជាផ្លែផ្កានៃ «គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ» ដែលបានអនុវត្តយ៉ាងសស្រាក់សស្រាំក្នុងរយៈពេល ៥ឆ្នាំកន្លងមក ក្រោមហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងកិច្ចសម្របសម្រួលដោយក្រសួងអភិវឌ្ឍន៍ជនបទ។

សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមាន៖ ​អគារមណ្ឌលសុខភាព​ទំហំ ​១៥មx១៥ម​​, ​បង្គន់បរិយាបន្ន ៣បន្ទប់, កន្លែងលាងដៃ ១កន្លែង, ឡដុតសំរាមនិងកាកសំណល់វេជ្ជសាស្ដ្រ ១កន្លែង, ប្រព័ន្ធចម្រោះទឹកស្អាត ១កន្លែង, ផ្ដល់ធុងស្តុកទឹកចំណុះ​ ១០ ០០០លីត្រ ១ធុង, អណ្តូងស្នប់ ១កន្លែង, មជ្ឈមណ្ឌល​​​សិក្សាសហគមន៍, ស្រះទឹកសហគមន៍, ​​​បណ្ណាល័យនិង​ទីចាត់ការ, ផ្លូវ​បេតុង​អារម៉េ និង​​ស្ថានីយ​​ផលិតទឹក​​ពិសាប៊ីដុង​​ចំណុះ ២០លីត្រ​ផងដែរ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Developmentប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development
ថ្លែងក្នុងឱកាសនោះ ឯ​កឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា គម្រោង «ភូមិសន្តិភាព» នេះ កំពុងអនុវត្តក្នុងភូមិគោលដៅចំនួន ៣០ ក្នុងខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។ គោលបំណងចម្បង គឺដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឱ្យកាន់តែប្រសើរឡើង និងប្រកបដោយបរិយាបន្ន។

ពិធីនេះក៏មានការចូលរួមពីតំណាងក្រសួងសុខាភិបាល, អាជ្ញាធរខេត្ត, តំណាងអង្គការ KOICA និងប្រជាពលរដ្ឋសរុបជាង ៦០០នាក់។ សមិទ្ធផលទាំងនេះ មិនត្រឹមតែជួយកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគាំទ្រដល់ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

តាមរយៈការអភិវឌ្ឍនេះ ស្រុកម៉ាឡៃដែលធ្លាប់តែជាតំបន់ដាច់ស្រយាល និងរងគ្រោះដោយសារសង្គ្រាម បានក្លាយជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងកូរ៉េ ក្នុងការកសាងសហគមន៍ឱ្យមានភាពរឹងមាំ និងមានសន្តិភាពពិតប្រាកដតាមរយៈការអភិវឌ្ឍ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3