The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើកំណែទម្រង់ផ្ទៃក្នុង និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីបរិវត្តកម្មឧស្សាហកម្មកម្ពុជាក្នុងវិស័យឯកជនអន្តរជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើកំណែទម្រង់ផ្ទៃក្នុង និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីបរិវត្តកម្មឧស្សាហកម្មកម្ពុជាក្នុងវិស័យឯកជនអន្តរជាតិ
ភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦៖ ដើម្បីពង្រឹងជំនឿទុកចិត្ត និងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងពិធី «ទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី៣» កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីនេះរៀបចំឡើងដោយសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា (CCCC) ក្រោមប្រធានបទដ៏សំខាន់គឺ «ការពង្រឹងមូលដ្ឋានគ្រឹះនៃខ្សែច្រវាក់ផ្គត់ផ្គង់៖ ការលើកកម្ពស់បរិវត្តកម្មឧស្សាហកម្មរបស់កម្ពុជា»។

ជំនួបកម្រិតខ្ពស់នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន រួមមាន៖ អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងសេដ្ឋកិច្ច, ក្រសួងពាណិជ្ជកម្ម, ក្រសួងសាធារណការ, ក្រសួងការងារ និងកសិកម្ម ជាដើម។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺវត្តមានអង្គទូត និងតំណាងសភាពាណិជ្ជកម្មអន្តរជាតិធំៗ ដូចជា សហរដ្ឋអាម៉េរិក (AmCham), អឺរ៉ុប (EuroCham), ចិន (CCCC), កូរ៉េ (KOCHAM) និងជប៉ុន (JBAC) ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់វិនិយោគិនបរទេសមកលើបរិយាកាសធុរកិច្ចនៅកម្ពុជា។

ថ្លែងក្នុងមតិបូកសរុបនៃកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល តាមរយៈស្ថាប័ន ក.អ.ក. ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងយ៉ាងស៊ីជម្រៅលើសសរស្តម្ភ ៣ សំខាន់ៗ៖ ១. ការទាក់ទាញវិនិយោគ (ផ្សព្វផ្សាយសក្ដានុពល និងកាលានុវត្តភាពវិនិយោគដល់ពិភពលោក), ការសម្របសម្រួលវិនិយោគ (ផ្តល់សេវាកម្មងាយស្រួល ចាប់ពីដំណាក់កាលដាក់ពាក្យ រហូតដល់គម្រោងដំណើរការ) និង ៣. ការថែទាំវិនិយោគ (ធានាការគាំទ្រ និងដោះស្រាយបញ្ហាប្រឈម ដើម្បីឱ្យវិនិយោគិនទទួលបានជោគជ័យយូរអង្វែង)។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Chanthol Sun DPMប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Chanthol Sun DPM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់វិស័យឯកជន ឱ្យត្រៀមលក្ខណៈសម្បត្តិក្នុងការឈានទៅចាប់យកការវិនិយោគលើឧស្សាហកម្ម ដែលជាប្រភពដើមនៃខ្សែច្រវាក់ផលិតកម្ម និងមានតម្លៃបន្ថែមខ្ពស់។ ការបើកទូលាយ និងយន្តការសន្ទនាត្រង់ទៅត្រង់មក រវាងរដ្ឋ និងឯកជន ត្រូវបានចាត់ទុកថាជាគន្លឹះដ៏សំខាន់ក្នុងការកសាងសមិទ្ធផលថ្មីៗ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

តាមរយៈជំនួបនេះ សហគមន៍ធុរកិច្ចអន្តរជាតិបានសម្តែងនូវការជឿជាក់ និងស្មារតីសហប្រតិបត្តិការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដើម្បីរួមគ្នាបង្កើតបរិយាកាសវិនិយោគមួយដែលមានតម្លាភាព និងអំណោយផលបំផុត៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2