The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

កក្រើកឆាកអន្តរជាតិ! កម្ពុជាឈ្នះមេដាយ ៤១គ្រឿង ពីព្រឹត្តិការណ៍ជើងឯកអាស៊ីនៅម៉ុងហ្គោលី និងទទួលសិទ្ធិធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៨

កក្រើកឆាកអន្តរជាតិ! កម្ពុជាឈ្នះមេដាយ ៤១គ្រឿង ពីព្រឹត្តិការណ៍ជើងឯកអាស៊ីនៅម៉ុងហ្គោលី និងទទួលសិទ្ធិធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៨
ភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦៖ ក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតនៅលើឆាកអន្តរជាតិ ដោយបានដណ្ដើមមេដាយរហូតដល់ ៤១គ្រឿង នៅក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី។ ទន្ទឹមនឹងជោគជ័យដ៏ត្រចះត្រចង់នេះ កម្ពុជាក៏ទទួលបានសេចក្តីទុកចិត្តជាឯកច្ឆន្ទឱ្យធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកអាស៊ី លើកទី១២ នាឆ្នាំ២០២៨ ខាងមុខផងដែរ។

នៅក្នុងការប្រកួតដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នេះ កីឡាករ-កីឡាការិនីកម្ពុជា បានខិតខំប្រកួតជម្រុះរហូតដណ្ដើមបានមេដាយសរុប ៤១គ្រឿង គឺ មេដាយមាស ចំនួន ៨ គ្រឿង (ដោយកីឡាករ ស៊ីវ សិរីបុត្រ, កីឡាការិនី សិរី រតនាវង្ស, កីឡាករ ង៉ែត រ៉ាវី, កីឡាករ សុខ ស៊ូណាម, កីឡាការិនី ប៉ាល់ ឆរស៊្មី, កីឡាការិនី លី គីមឆេង និងវិញ្ញាសាក្រុមបុរសចំនួន ២ ទៀត), មេដាយប្រាក់ ចំនួន ១២ គ្រឿង (ក្នុងនោះមាន ទាំងវិញ្ញាសាមេគុន វិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែងជាក្រុម) និង មេដាយសំរិទ្ធ ចំនួន ២១ គ្រឿង (បានមកពីការខិតខំប្រឹងប្រែងលើវិញ្ញាសាជាច្រើនប្រភេទ ទាំងកម្រិតយុវជន និងអាជីព)។

ក្នុងមហាសន្និបាតសហព័ន្ធតែក្វាន់ដូអាស៊ី (ATF) កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ កម្ពុជាបានយកឈ្នះប្រទេសបេក្ខភាពពីរផ្សេងទៀតគឺ អ៊ុយស្បេគីស្ថាន (Uzbekistan) និងកៀគីស្ថាន (Kyrgyzstan) ដើម្បីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាតែក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១ (12th Asian Taekwon-Do Championship) ឆ្នាំ២០២៨ ។

ការផ្ដល់សេចក្ដីទុកចិត្តជាឯកច្ឆន្ទនេះ គឺដោយសារអាស៊ីមើលឃើញពីសមត្ថភាព និងបទពិសោធន៍ដ៏ជោគជ័យរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗនាពេលកន្លងមក។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង Keo Remyប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង Keo Remy
ភាពជោគជ័យនាពេលនេះ ត្រូវបានគេមើលឃើញថា ជាលទ្ធផលនៃការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការជំរុញវិស័យកីឡាជាតិឱ្យលោតផ្លតលើឆាកអន្តរជាតិ។

តួយ៉ាង រៀបចំការប្រកួតកីឡាតែក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១២ (12th Asian Taekwon-Do Championship) នាឆ្នាំ២០២៨ នាពេលខាងមុខ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា ដូចជា លើកកម្ពស់កម្រិតបច្ចេកទេសកីឡាករខ្មែរឱ្យកាន់តែខ្លាំងក្លា ទាក់ទាញប្រតិភូកីឡា និងភ្ញៀវអន្តរជាតិរាប់ពាន់នាក់មកកាន់កម្ពុជា ដែលជួយជំរុញដល់វិស័យសណ្ឋាគារ អាហារដ្ឋាន និងការដឹកជញ្ជូននិងជាឱកាសបង្ហាញពីសុខសន្តិភាព និងសមត្ថភាពពិតប្រាកដរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កម្រិតទ្វីប។

សហព័ន្ធកីឡាតែក្វាន់ដូ ITF កម្ពុជា បានសម្តែងនូវមោទនភាពជាពន់ពេក និងប្ដេជ្ញាចិត្តថានឹងត្រៀមខ្លួនឱ្យបានល្អបំផុតដើម្បីទទួលស្វាគមន៍គ្រួសារតែក្វាន់ដូអាស៊ីក្នុងឆ្នាំ ២០២៨ ខាងមុខនេះ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2