The Khmer Daily Network Logo

National

3 hours agoLim_Rothanaksambath

កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ “វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩” ខណៈគណៈប្រតិភូអន្តរជាតិជាន់ខ្ពស់មកដល់បន្តបន្ទាប់

កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ “វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩” ខណៈគណៈប្រតិភូអន្តរជាតិជាន់ខ្ពស់មកដល់បន្តបន្ទាប់
ភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសហគមន៍អន្តរជាតិ ក្នុងការទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះរៀបចំ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩» (9th APPF-GH) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងនោះ គណៈប្រតិភូអន្តរជាតិជាន់ខ្ពស់ និងតំណាងអង្គការសុខភាពពិភពលោក (WHO) បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ជាបន្តបន្ទាប់ និងទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា។

ស្របជាមួយគ្នានេះផងដែរ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា ក៏បានដឹកនាំពិធីក្រុងពាលី និងបួងសួងតាមគន្លងប្រពៃណីសាសនា ដើម្បីសុំសេចក្តីសុខ និងពរជ័យ ឱ្យការរៀបចំវេទិកាអន្តរជាតិដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យត្រចះត្រចង់ នៅវិមានរដ្ឋសភា។

វេទិការយៈពេល ៣ថ្ងៃនេះ គឺជាយន្តការយុទ្ធសាស្ត្រកម្រិតតំបន់ ដែលអនុញ្ញាតឱ្យសមាជិកសភា និងភាគីពាក់ព័ន្ធមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជួបជុំគ្នាដើម្បីផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើការដោះស្រាយបញ្ហាប្រឈមសុខភាពសកល ជំរុញការសម្រេចឱ្យបាននូវ ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage - UHC) និងពង្រឹងប្រព័ន្ធសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព បរិយាបន្ន និងមានភាពធន់ (Resilience) ទៅនឹងវិបត្តិនានានាពេលអនាគត។

ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជានាពេលនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែជិតស្និទ្ធ។

សូមជម្រាបថា វេទិកា APPF-GH គឺជាឱកាសដ៏សំខាន់សម្រាប់សមាជិកសភា និងភាគីពាក់ព័ន្ធមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមគ្នាពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ដើម្បីរួមចំណែកដល់ការលើក​កម្ពស់សុខ​ភាពសកល និងការសម្រេចបាននូវប្រព័ន្ធសុខាភិបាលដែលមានប្រសិទ្ធភាព បរិយាបន្ន និងមានភាពធន់សម្រាប់ប្រជាជនគ្រប់រូប។

ការអញ្ជើញមកដល់របស់គណៈប្រតិភូអន្តរជាតិ បានបង្ហាញពីការចូលរួមនិង​ការប្តេជ្ញាចិត្តរួមរបស់បណ្តាប្រទេស​ និងភាគីពាក់ព័ន្ធក្នុងតំបន់អាស៊ី-ប៉ាស៊ី​ហ្វិ​ក​ ក្នុងការលើកកម្ពស់សុខភាពសកល ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ​និងជំរុញការចែករំលែកបទពិសោធន៍និងចំណេះដឹងក្នុងវិស័យសុខភាពសាធារណៈ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3