The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

កម្ពុជា ធ្វើម្ចាស់ផ្ទះបើក "វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩"

កម្ពុជា ធ្វើម្ចាស់ផ្ទះបើក "វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩"
ភ្នំពេញ, ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦៖ ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្ដើមធ្វើជាម្ចាស់ផ្ទះរៀបចំ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩» (9th APPF-GH) ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២ នេះ ក្រោមប្រធានបទដ៏មានសារៈសំខាន់សម្រាប់យុគសម័យថ្មី គឺការជំរុញសេវាសុខភាពសកលក្នុងបរិបទនៃបញ្ញាសិប្បនិម្មិត (AI) និងការប្រែប្រួលអាកាសធាតុ ដោយវេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ពិធីបើកជាផ្លូវការនេះ បានប្រារព្ធឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា តំណាងរាជរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូសភាមកពី ១៦ ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងដៃគូអភិវឌ្ឍន៍អន្តរជាតិជាច្រើនរូបទៀត។

ប្រធានបទស្នូលនៃវេទិកានេះ គឺ «សេវាគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) និងបរិបទនៃការប្រែប្រួលអាកាសធាតុ» ដែលប្រធានបទនេះឆ្លុះបញ្ចាំងពីការត្រៀមលក្ខណៈរបស់តំបន់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីដោះស្រាយបញ្ហាប្រឈមសុខភាពសាធារណៈដែលបង្កឡើងដោយការឡើងកម្ដៅផែនដី។

វេទិកា APPF-GH លើកទី៩ នេះ មិនត្រឹមតែជាការជួបជុំគ្នាបែបពិធីការប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាសំខាន់សម្រាប់អ្នកតាក់តែងច្បាប់ក្នុងតំបន់ដើម្បីផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើការគ្រប់គ្រងប្រព័ន្ធសុខាភិបាល កសាងឆន្ទៈនយោបាយ និងពង្រឹងសម្ព័ន្ធភាពរវាងសភានិងសភា ជំរុញការតាក់តែងច្បាប់ និងគោលនយោបាយដែលគាំទ្រដល់ការប្រើប្រាស់ AI ក្នុងវិស័យសុខាភិបាលដោយមានក្រមសីលធម៌ និងការទទួលខុសត្រូវ និងពិភាក្សាលើវិធានការឆ្លើយតបនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុមកលើសុខុមាលភាពប្រជាពលរដ្ឋ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Assembly Of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Assembly Of Cambodia
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានបង្ហាញពីតួនាទីឈានមុខក្នុងតំបន់លើការយកចិត្តទុកដាក់ចំពោះសុខភាពសកល។ នេះជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីវឌ្ឍនភាពនៃវិស័យសុខាភិបាលរបស់ខ្លួន និងរៀនសូត្រពីបច្ចេកវិទ្យាថ្មីៗពីប្រទេសជឿនលឿនក្នុងតំបន់ ដើម្បីឈានទៅសម្រេចបាននូវ «ការគ្របដណ្ដប់សុខភាពជាសកល» (UHC) ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

គួររំលឹកផងដែរថា វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល (APPF-GH) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ក្នុងគោលបំណងពង្រឹងសមត្ថភាពសមាជិកសភាក្នុងការលើកកម្ពស់សុខភាពតាមរយៈសកម្មភាពនីតិបញ្ញត្តិ។ ការជ្រើសរើសយកប្រធានបទ AI នៅឆ្នាំនេះ គឺស្របពេលដែលពិភពលោកកំពុងឈានចូលក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលបច្ចេកវិទ្យានេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការវិនិច្ឆ័យរោគ និងការគ្រប់គ្រងទិន្នន័យសុខភាព៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3