The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ក្រសួងអប់រំ នឹងចាត់វិធានការច្បាប់លើអ្នកចែកចាយវិញ្ញាសា ខណៈហឹបសន្លឹកកិច្ចការត្រូវដឹកមកដល់មណ្ឌលកំណែដោយសុវត្ថិភាព

ក្រសួងអប់រំ នឹងចាត់វិធានការច្បាប់លើអ្នកចែកចាយវិញ្ញាសា ខណៈហឹបសន្លឹកកិច្ចការត្រូវដឹកមកដល់មណ្ឌលកំណែដោយសុវត្ថិភាព
ភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព្រមានយ៉ាងម៉ឺងម៉ាត់ ចំពោះបុគ្គលទាំងឡាយណាដែលថតចម្លង ឬផ្សព្វផ្សាយវិញ្ញាសា និងអត្រាកំណែមុនការប្រកាសលទ្ធផល ខណៈដែលដំណើរការប្រមូលហឹបសន្លឹកកិច្ចការបេក្ខជនពីតាមបណ្តាខេត្ត ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញជាបណ្តើរៗហើយ ដើម្បីត្រៀមឈានចូលដំណាក់កាលកំណែ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី១២ ខែសីហានេះ បានបញ្ជាក់ថា ក្រសួងអប់រំ នឹងសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះការប្រព្រឹត្តល្មើសនានា ដូចជា ការថតរូប ថតវីដេអូ ថតចម្លង បង្ហោះ ឬចែកចាយតាមគ្រប់រូបភាពនូវប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកស្រង់ពិន្ទុ (MCS)។

ការហាមឃាត់នេះ ធ្វើឡើងដើម្បីធានានូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងរក្សាការសម្ងាត់នៃឯកសារប្រឡង ជៀសវាងការបង្កឱ្យមានការយល់ច្រឡំ ឬប៉ះពាល់ដល់ភាពជឿជាក់របស់សាធារណជន។ ក្រសួងអប់រំ សង្កត់ធ្ងន់ថា បុគ្គលដែលល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងអាចប្រឈមនឹងវិធានការវិន័យផងដែរ។
បន្ថែមពីលើនោះ នៅព្រឹកថ្ងៃនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យផ្ទាល់នូវស្ថានភាពនៃការប្រគល់ និងទទួលហឹបដុំសន្លឹកកិច្ចការបេក្ខជនមកពីតាមបណ្តាខេត្ត នៅមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia
ឯកឧត្តមបានបញ្ជាក់ថា ហឹបសន្លឹកកិច្ចការទាំងអស់ត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ ដំណើរការសំណេរកាលពីថ្ងៃទី១០ សីហា កន្លងទៅនេះ បានប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ។

ជោគជ័យនៃដំណើរការប្រឡងឆ្នាំនេះ គឺមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ភ្នាក់ងារសុខាភិបាល កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ។

យោងតាមកាលវិភាគដែលបានកំណត់ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមមណ្ឌលប្រឡងទូទាំងរាជធានី-ខេត្ត និងតាមរយៈបណ្តាញសង្គមផ្លូវការរបស់ក្រសួង៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3