The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

អូស្ត្រាលី ប្តេជ្ញាគាំទ្រជនជាតិដើមភាគតិចនៅកម្ពុជា លើការគ្រប់គ្រងធនធានទឹក និងពង្រឹងភាពធន់ការប្រែប្រួលអាកាសធាតុ

អូស្ត្រាលី ប្តេជ្ញាគាំទ្រជនជាតិដើមភាគតិចនៅកម្ពុជា លើការគ្រប់គ្រងធនធានទឹក និងពង្រឹងភាពធន់ការប្រែប្រួលអាកាសធាតុ
ភ្នំពេញ, ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៖ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសពីការបន្តគាំទ្រយ៉ាងសកម្មដល់សហគមន៍ជនជាតិដើមភាគតិចនៅទូទាំងប្រទេសកម្ពុជា ក្នុងគោលដៅពង្រឹងសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ដែលជាផ្នែកមួយដ៏សំខាន់នៃកិច្ចការពារបរិស្ថានជាតិ។

យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ បានគូសបញ្ជាក់ថា ជនជាតិដើមភាគតិចគឺជាតួអង្គចម្បង និងមិនអាចខ្វះបានក្នុងការថែរក្សាព្រៃឈើ តំបន់ប្រភពទឹក និងជីវចម្រុះ។ ចំណេះដឹងបែបប្រពៃណី វប្បធម៌ និងភាពជាអ្នកដឹកនាំរបស់ពួកគេ គឺជាមូលដ្ឋានគ្រឹះដ៏មានតម្លៃក្នុងការកសាងភាពធន់នឹងវិបត្តិអាកាសធាតុនាពេលបច្ចុប្បន្ន។

ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ប្រទេសអូស្ត្រាលីកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុកនានា ដើម្បីធានាថា «សម្លេង» និង «អាទិភាព» របស់ជនជាតិដើមភាគតិច ត្រូវបានបញ្ចូលទៅក្នុងគោលនយោបាយអភិបាលកិច្ចទឹក និងការសម្រេចចិត្តផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Australian Embassy, Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Australian Embassy, Cambodia
ជាសកម្មភាពជាក់ស្តែង ក្រុមការងារជំនាញបានចុះពិគ្រោះយោបល់ផ្ទាល់ជាមួយសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី។ លទ្ធផលនៃការពិគ្រោះយោបល់នេះ នឹងក្លាយជាទិន្នន័យដ៏សំខាន់សម្រាប់អូស្ត្រាលី ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ដល់អង្គការជនជាតិដើមភាគតិច ដើម្បីគាំទ្រដល់ការអនុវត្តការគ្រប់គ្រងទឹកតាមបែបបុរាណ និងការបង្កើតដំណោះស្រាយសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដែលដឹកនាំដោយសហគមន៍ផ្ទាល់។

គួរបញ្ជាក់ថា ជំនួយរបស់អូស្ត្រាលីមកកាន់កម្ពុជាលើវិស័យបរិស្ថាន និងទឹកនេះ ច្រើនតែធ្វើឡើងតាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលផ្តោតលើការកសាងសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

តាមរយៈការជួយជ្រោមជ្រែងនេះ គេរំពឹងថា សហគមន៍ជនជាតិដើមភាគតិចនឹងមានលទ្ធភាពកាន់តែប្រសើរក្នុងការការពារធនធានធម្មជាតិរបស់ពួកគេ ខណៈដែលការគ្រប់គ្រងទឹកនឹងកាន់តែមានប្រសិទ្ធភាពសម្រាប់បម្រើឱ្យជីវភាពរស់នៅ និងការបង្កបង្កើនផល ទោះបីជាស្ថិតក្នុងស្ថានភាពប្រែប្រួលអាកាសធាតុដ៏ស្មុគស្មាញក៏ដោយ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3