The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

កម្ពុជាចូលរួមសម័យប្រជុំលើកទី៩ នៃក្រុមការងារពង្រឹងអនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ នៅទីក្រុងហ្សឺណែវ

កម្ពុជាចូលរួមសម័យប្រជុំលើកទី៩ នៃក្រុមការងារពង្រឹងអនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ នៅទីក្រុងហ្សឺណែវ
ភ្នំពេញ, ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦៖ តំណាងជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកម្រិតអន្តរជាតិស្តីពីសន្តិសុខសកល ដើម្បីពង្រឹងយន្តការគ្រប់គ្រង និងហាមឃាត់អាវុធជីវសាស្ត្រ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព និងសុវត្ថិភាពពិភពលោក កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមីកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីបើកសម័យប្រជុំលើកទី៩ នៃក្រុមការងារស្តីពីការពង្រឹងអនុសញ្ញាហាមឃាត់ការអភិវឌ្ឍ ការផលិត និងការស្តុកទុកអាវុធជីវសាស្ត្រ និងអាវុធជាតិពុល (BWC)។ ជាមួយគ្នានោះ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ក៏បានអមដំណើរ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សានេះផងដែរ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the UN Office at Genevaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the UN Office at Geneva
សម័យប្រជុំលើកទី៩ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើការពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តអនុសញ្ញា BWC, ការពង្រឹងវិធានការផ្ទៀងផ្ទាត់ និងការអនុវត្តច្បាប់ជាតិ ដើម្បីបង្ការការរីកសាយភាយអាវុធជីវសាស្ត្រ និង ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាជីវសាស្ត្រក្នុងគោលបំណងសន្តិភាព។

អនុសញ្ញាស្តីពីអាវុធជីវសាស្ត្រ (Biological Weapons Convention - BWC) គឺជាសន្ធិសញ្ញាពហុភាគីដំបូងគេដែលហាមឃាត់ការផលិត និងការប្រើប្រាស់អាវុធមហាប្រល័យទាំងស្រុង។ អនុសញ្ញានេះត្រូវបានបើកឱ្យចុះហត្ថលេខានៅឆ្នាំ១៩៧២ និងចូលជាធរមាននៅឆ្នាំ១៩៧៥។ កម្ពុជាក្នុងនាមជារដ្ឋភាគី តែងតែបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំងនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទដែលបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ។

ការចូលរួមរបស់ប្រតិភូកម្ពុជានៅពេលនេះ បង្ហាញឱ្យឃើញពីតួនាទីយ៉ាងសកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ ក្នុងការចូលរួមចំណែកថែរក្សាសន្តិសុខ និងស្ថិរភាពសកល ជាពិសេសការទប់ស្កាត់ការគំរាមកំហែងពីអាវុធជាតិពុល និងជីវសាស្ត្រ ដែលអាចកើតមានឡើងក្នុងបរិបទពិភពលោកបច្ចុប្បន្ន៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1