National
• 59 minutes ago• Lim_Rothanaksambath
រដ្ឋសភា បើកកិច្ចប្រជុំត្រួតពិនិត្យការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ត្រីមាសទី២ ឆ្នាំ២០២៦ ពង្រឹងគណនេយ្យភាពសមិទ្ធកម្ម

ភ្នំពេញ, ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦៖ ដើម្បីពង្រឹងតម្លាភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមកិច្ចប្រជុំពិនិត្យសមិទ្ធផលការងារត្រីមាសទី២ ឆ្នាំ២០២៦ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលដៅជំរុញការងារកែទម្រង់ឱ្យឈានទៅសម្រេចបានតាមផែនការដែលបានកំណត់។
ក្នុងនោះ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានដឹកនាំក្រុមការងារជំនាញ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចពិភាក្សានេះផ្តោតសំខាន់លើ “របាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៦” នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។
ក្នុងអង្គប្រជុំបានពិនិត្យយ៉ាងល្អិតល្អន់លើលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ៣ខែកន្លងមក ដោយផ្អែកលើគោលការណ៍ “គណនេយ្យភាព សមិទ្ធកម្ម”។ ជាមួយគ្នានោះ សមាជិកអង្គប្រជុំបានលើកឡើងនូវបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងអំឡុងពេលអនុវត្ត និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថាការគ្រប់គ្រងថវិកាប្រព្រឹត្តទៅដោយរលូន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Assembly Of Cambodiaឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង បានបង្ហាញពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបង្កើនប្រសិទ្ធភាព តម្លាភាព និងចីរភាពនៃធនធានសាធារណៈ ឱ្យស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
ជាលទ្ធផល ស្ថាប័នរដ្ឋសភា រួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ បានសម្រេចបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាឱ្យមានភាពធន់ និងមានស្តង់ដារខ្ពស់ ដែលជាសសរស្តម្ភទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។
គួរបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាការកែទម្រង់គន្លឹះមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅបំប្លែងប្រព័ន្ធថវិកាពីរបៀប “ការគ្រប់គ្រងធាតុចូល” មកជា “ការគ្រប់គ្រងផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម” វិញ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network

