The Khmer Daily Network Logo

National

54 minutes agoLim_Rothanaksambath

អត្រាគ្រោះថ្នាក់កើនឡើង! អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់ ជាពិសេសពេលរាត្រី

អត្រាគ្រោះថ្នាក់កើនឡើង! អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់ ជាពិសេសពេលរាត្រី
ភ្នំពេញ, ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវវិធានការក្ដៅ ដោយបង្គាប់ឱ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស បង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសនៅពេលយប់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងយ៉ាងគំហុកនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបានឆក់យកជីវិតមនុស្ស និងបង្កឱ្យមានអ្នករបួសជារៀងរាល់ថ្ងៃ។

នៅក្នុងកិច្ចប្រជុំពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងពីការរឹតបន្តឹងច្បាប់នៅពេលរាត្រី ដោយសង្កេតឃើញថាគ្រោះថ្នាក់ភាគច្រើនកើតឡើងនៅពេលយប់ ឯកឧត្តម បានបញ្ជាឱ្យបង្កើនវត្តមានសមត្ថកិច្ច និងរឹតបន្តឹងការត្រួតពិនិត្យឱ្យបានខ្លាំងក្លាជាងមុន ដើម្បីទប់ស្កាត់ល្បឿន និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានណែនាំដល់កម្លាំងអនុវត្តច្បាប់ទាំងអស់ ត្រូវប្រើប្រាស់កាយវិការ និងពាក្យសម្ដីឱ្យបានសមរម្យទៅកាន់ពលរដ្ឋ ប៉ុន្តែត្រូវកំណត់បទល្មើសឱ្យបានច្បាស់លាស់។ គោលដៅសំខាន់ គឺធ្វើឱ្យពលរដ្ឋយល់ដឹង និងមានស្មារតីគោរពច្បាប់ដោយខ្លួនឯង ជាជាងការខ្លាចនគរបាល។

ក្រៅពីការផាកពិន័យ វិធានការអប់រំ និងការផ្សព្វផ្សាយត្រូវតែធ្វើឡើងឱ្យបានទូលំទូលាយ ដើម្បីឱ្យអ្នកប្រើប្រាស់ផ្លូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ព្រោះនគរបាលមិនអាចឈរជើងនៅគ្រប់ទីកន្លែង ២៤ម៉ោងលើ២៤ម៉ោងបានឡើយ។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញឱ្យស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ចាត់ទុកការងារសុវត្ថិភាពចរាចរណ៍ជាអាទិភាពខ្ពស់បំផុត ក្នុងគោលដៅកាត់បន្ថយអត្រាស្លាប់ និងរបួសរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរមា។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ក្នុងរយៈពេលត្រឹមក្នុងរយៈពេល ៧ខែ ១៥ថ្ងៃ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១,៥៩០លើក កើនឡើង២៣៧លើក បើធៀបឆ្នាំ២០២៥។ ក្នុងនោះ អ្នកស្លាប់មានចំនួន ៩៨៦នាក់ កើន១០៩នាក់ និងរងរបួសចំនួន ២,៣០២នាក់ កើន៤៣០នាក់។

តួលេខនេះបង្ហាញឱ្យឃើញថា ក្នុងមួយថ្ងៃជាមធ្យមមានមនុស្សស្លាប់ជាង ៤នាក់ និងរបួសជិត ១០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលទាមទារឱ្យមានការចូលរួមគោរពច្បាប់ទាំងអស់គ្នាជាចាំបាច់៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3