The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

កម្ពុជា ត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម ឆ្នាំ២០២៦ នៅបារាំង

កម្ពុជា ត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម ឆ្នាំ២០២៦ នៅបារាំង
ភ្នំពេញ, ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦៖ កម្ពុជា ត្រូវបានប្រកាសជាផ្លូវការថាជា «ប្រទេសកិត្តិយស» (Country of Honor) នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម (Angoulême Francophone Film Festival - FFA) លើកទី១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីក្រុងអង់ហ្គូលែម ប្រទេសបារាំង។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ដោយមានការចូលរួមពីលោកជំទាវ ម៉ារី-ហ្វ្រង់ ប៊ីយែរ (Marie-France Brière) និងលោក ដូមីនិក ប៊ែសនេហារ៉ា (Dominique Besnehard) ប្រតិភូទូទៅនៃមហោស្រព រួមជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ឯកឧត្តម លុយ ដាវីត។

មហោស្រពឆ្នាំ២០២៦ នឹងធ្វើឡើងដើម្បីសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គមិនត្រឹមតែជាព្រះបិតាស្ថាបនិកម្នាក់នៃអង្គការហ្វ្រង់កូហ្វូនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផលិតករភាពយន្តដ៏ឆ្នើម ដែលបានប្រើប្រាស់វិស័យភាពយន្តជាស្ពានផ្សារភ្ជាប់វប្បធម៌។ ស្នាដៃព្រះរាជនិពន្ធរបស់ព្រះអង្គ រឿង «La Joie de vivre» (១៩៦៩) ត្រូវបានជ្រើសរើសសម្រាប់ចាក់បញ្ចាំងបើកកម្មវិធីផ្នែកភាពយន្តខ្មែរ។
ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ នឹងប្រព្រឹត្តទៅក្រោមព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភា។ ក្នុងនោះ ភាពយន្តខ្មែរចំនួន ៩ រឿង (ក្រៅពីការប្រកួតប្រជែង) នឹងត្រូវចាក់បញ្ចាំងក្នុងកម្មវិធីពិសេសនេះ រួមមានស្នាដៃរបស់ផលិតករជើងចាស់ និងជំនាន់ក្រោយ។ ក្នុងនោះក៏មានស្នាដៃចំនួន ៤ របស់ផលិតករភាពយន្តល្បីល្បាញលោក ប៉ាន់ រិទ្ធី ដូចជារឿង «អ្នកស្រែ» (Rice People) និង «រាត្រីមួយក្រោយសង្គ្រាម» (One Evening After the War) ជាដើម ដែលបង្ហាញពីភាពធន់ និងស្មារតីច្នៃប្រឌិតរបស់ប្រជាជនកម្ពុជារយៈពេល ៤ ទសវត្សរ៍ចុងក្រោយ។

វត្តមានរបស់កម្ពុជានៅទីក្រុងអង់ហ្គូលែម ក៏ជាផ្នែកមួយនៃការត្រៀមខ្លួនទទួលស្វាគមន៍មហាគ្រួសារនិយាយភាសាបារាំង មកកាន់រាជធានីភ្នំពេញ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ (20th Francophonie Summit) នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម លុយ ដាវីត បានបញ្ជាក់ថា នេះគឺជាមោទនភាពជាតិដ៏ធំធេង ដែលសបញ្ជាក់ពីភាពរស់រវើកនៃទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌រវាងកម្ពុជា និងសហគមន៍និយាយភាសាបារាំង។ នេះក៏ជាឱកាសមាសក្នុងការបង្ហាញពីការរីកចម្រើននៃវិស័យភាពយន្តខ្មែរលើឆាកអន្តរជាតិផងដែរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2