The Khmer Daily Network Logo

National

29 minutes agoLim_Rothanaksambath

ជាង៦ទសវត្សរ៍ ទីបំផុត ផ្សារស្ទឹងមានជ័យត្រូវរុះរើជួសជុលសាងសង់ឡើងវិញ ដើម្បីធានាសុវត្ថិភាពអាជីវករ

ជាង៦ទសវត្សរ៍ ទីបំផុត ផ្សារស្ទឹងមានជ័យត្រូវរុះរើជួសជុលសាងសង់ឡើងវិញ ដើម្បីធានាសុវត្ថិភាពអាជីវករ
ភ្នំពេញ, ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦៖ រដ្ឋបាលខណ្ឌមានជ័យ បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ ស្តីពីការចាប់ផ្តើមគម្រោងជួសជុល និងសាងសង់ដំបូលផ្សារស្ទឹងមានជ័យឡើងវិញ រួមទាំងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះតទៅ ដើម្បីឆ្លើយតបនឹងការសំណូមពររបស់អាជីវករ និងកាត់បន្ថយហានិភ័យផ្សេងៗ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌមានជ័យ បានឱ្យដឹងថា ផ្សារស្ទឹងមានជ័យ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី១ គឺជាសំណង់ចាស់បុរាណមួយដែលត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៩៦០ ដោយគិតមកទល់ពេលនេះ សំណង់ដំបូលផ្សារដែលធ្វើអំពីឈើប្រក់ក្បឿង មានអាយុកាលរហូតដល់ ៦៦ឆ្នាំហើយ ដែលធ្វើឱ្យសំណង់ទាំងមូលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បង្កជាក្តីបារម្ភ និងហានិភ័យខ្ពស់ដល់សុវត្ថិភាពរបស់អាជីវករ ក៏ដូចជាអតិថិជនដែលចេញ-ចូលផ្សារជារៀងរាល់ថ្ងៃ។

ដោយពិនិត្យឃើញពីស្ថានភាពគ្រោះថ្នាក់ និងផ្អែកលើសំណូមពរផ្ទាល់ពីបងប្អូនអាជីវករ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឱ្យមានការរៀបចំជួសជុល និងសាងសង់ឡើងវិញនូវដំបូលផ្សារ និងហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់។ គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាពផ្សារឱ្យមានរបៀបរៀបរយ, កែលម្អប្រព័ន្ធអនាម័យ និងបរិស្ថានក្នុងផ្សារ និងធានានូវសុវត្ថិភាពខ្ពស់ជូនដល់អាជីវករ និងសាធារណជន។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋបាលខណ្ឌមានជ័យប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋបាលខណ្ឌមានជ័យ
គម្រោងស្ថាបនានេះនឹងត្រូវចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ហេតុដូច្នេះ រដ្ឋបាលខណ្ឌមានជ័យ បានអំពាវនាវដល់បងប្អូនអាជីវករ និងម្ចាស់អាជីវកម្មពាក់ព័ន្ធទាំងអស់ មេត្តាផ្តល់ការយោគយល់ និងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងបញ្ចប់តាមកាលកំណត់។

គួររំលឹកផងដែរថា ផ្សារស្ទឹងមានជ័យ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយក្នុងតំបន់ដែលមានអ៊ូអរខ្លាំង។ ការកែលម្អនេះ ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរមុខមាត់ថ្មីនៃតំបន់នោះ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាងមុន៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1