The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស ឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារវាងអាណាចក្រ និងសាសនា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស ឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារវាងអាណាចក្រ និងសាសនា
ភ្នំពេញ, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦៖ ទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» ត្រូវបានរៀបចំឡើង កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមប្រមាណ ២.០០០នាក់ រួមមាន ថ្នាក់ដឹកនាំគ្រប់និកាយសាសនា អង្គទូត និងឥស្សរជនជាន់ខ្ពស់ ដែលបង្ហាញពីស្មារតីសាមគ្គី និងការប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការលុបបំបាត់អំពើជួញដូរមនុស្សឱ្យអស់ពីកម្ពុជា។ នេះបើតាមរបាយការណ៍របស់ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ។

លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានលើកឡើងថា កម្មវិធីទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស រៀងរាល់ឆ្នាំបានបង្កលក្ខណៈឱ្យគ្រប់និកាយសាសនា បានយល់ដឹងអំពីស្ថានភាពបទល្មើសជួញដូរមនុស្សដែលប្រែប្រួល និងមូលដ្ឋានគ្រឹះនៃការអប់រំសង្គម ទៅតាមគន្លងព្រះធម៌ ដែលជាការអប់រំចិត្ត ដើម្បីឱ្យប្រជាពលរដ្ឋចេះត្រិះរិះពិចារណា កាត់បន្ថយភាពប្រថុយប្រថានក្នុងការសម្រេចចិត្តដែលឈានទៅប្រព្រឹត្តខុសឆ្គង ថ្លោះថ្លោយក្នុងបទល្មើសដែលអាចក្លាយជាជនល្មើស និងជាជនរងគ្រោះ។

ប្រភព៖ សារព័ត៌មាន The Khmer Daily Network 
រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃប្រភព៖ សារព័ត៌មាន The Khmer Daily Network រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ
ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងនូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលរីកសាយភាយក្នុងតំបន់ ហើយកម្ពុជាក៏ទទួលនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ដោយក្រុមឧក្រិដ្ឋជនធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានដាក់ចេញនូវវិធានការបង្ក្រាប បោសសម្អាតទីតាំងសង្ស័យមានអំពើឆបោករាប់រយទីតាំងបានសម្រេចបិទទីតាំងមិនឱ្យដំណើរការរាប់សិបកន្លែង ប្រមូលមនុស្សដែលពាក់ព័ន្ធក្នុងសកម្មភាពឆបោក និងស្រាវជ្រាវ ស៊ើបអង្កេតកំណត់អត្តសញ្ញាណរកជនដៃដល់ ជនសង្ស័យ អ្នកពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងកំណត់រកជនរងគ្រោះដើម្បីផ្តល់សេវាឱ្យបានសមស្រប។

មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបានស្នើទៅរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីអនុម័តច្បាប់ជាការប្រញាប់ «ស្តីពីការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ដើម្បីមានមូលដ្ឋានកាន់តែរឹងមាំក្នុងការផ្តន្ទាទោស និងចាត់វិធានការ។

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា «ទិវានេះឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារវាងអាណាចក្រ និងសាសនា ដោយឈរលើជំនឿព្រះធម៌ដែលអប់រំមនុស្សឱ្យរស់នៅដោយសុខសាន្ត និងចេះជួយអាសាគ្នា។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះស្មារតីសុខដុមរមនារវាងសាសនាធំៗនៅកម្ពុជា (ព្រះពុទ្ធ ឥស្លាម និងគ្រិស្ត) ដែលបានរួមគ្នារៀបចំកម្មវិធីនេះអស់រយៈពេល ៩ឆ្នាំមកហើយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់និកាយសាសនា ឱ្យបន្តរួមគ្នាបង្កើនការអប់រំ និងលើកកម្ពស់សីលធម៌រស់នៅតាមគន្លងសាសនា ដើម្បីកសាងសង្គមមួយដែលមានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់មនុស្សគ្រប់រូប៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3