The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីក្នុងពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា ជាសមិទ្ធផលថ្មីតំណាងឱ្យស្មារតីសាមគ្គីជាតិ

ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីក្នុងពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា ជាសមិទ្ធផលថ្មីតំណាងឱ្យស្មារតីសាមគ្គីជាតិ
ភ្នំពេញ, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «វិមានសាមគ្គីភាព» ដែលជាអគាររដ្ឋបាលថ្មីដ៏ស្កឹមស្កៃរបស់ព្រឹទ្ធសភា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងឥស្សរជនជាតិជាច្រើនរូបទៀត។

«វិមានសាមគ្គីភាព» គឺជាសមិទ្ធផលថ្មីស្រឡាងដែលបានបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៦ ក្រោមការដឹកនាំកសាងផ្ទាល់ដោយ សម្ដេចតេជោ ហ៊ុន សែន។ អគារនេះត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងតាមរចនាបទខ្មែរទាំងស្រុង ដែលបង្ហាញពីអត្តសញ្ញាណជាតិ និងសោភ័ណភាពវិចិត្រ។ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ កន្លងទៅ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានរៀបចំពិធីក្រុងពលី និងសូត្រមន្តឡើងអគារនេះរួចរាល់ផងដែរ មុននឹងឈានមកដល់ពិធីសម្ពោធជាផ្លូវការនៅថ្ងៃនេះ។

ឈ្មោះ «វិមានសាមគ្គីភាព» ត្រូវបានផ្ដួចផ្ដើម និងប្រសិទ្ធនាមដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងន័យយុទ្ធសាស្ត្រ និងសាមគ្គីភាពជាតិ ដោយព្រឹទ្ធសភា គឺជាកន្លែងប្រមូលផ្ដុំតំណាងប្រជាជនដែលមកពីគណបក្សនយោបាយផ្សេងៗគ្នា។ អគារនេះកសាងឡើងដោយថវិកាដែលបានមកពីការចូលរួមរបស់សប្បុរសជន ដែលសបញ្ជាក់ពីកម្លាំងសាមគ្គីភាពខ្មែរជួយខ្មែរ។ ការបង្កើតវិមានសាមគ្គីភាពនេះ គឺជាការបំពេញបន្ថែមលើ «វិមានសន្តិភាព» និង «វិមានមិត្តភាព» ដែលមានស្រាប់ បង្កើតបានជាមុំនៃនិរន្តរភាព សន្តិភាព និងការអភិវឌ្ឍយូរអង្វែងសម្រាប់កម្ពុជា។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia
វិមានថ្មីនេះ មិនត្រឹមតែជាកន្លែងរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែនឹងបម្រើឱ្យមុខងារសំខាន់ៗរបស់ប្រមុខថ្នាក់ដឹកនាំព្រឹទ្ធសភា រួមមាន៖ កន្លែងសម្រាប់បំពេញមុខងារជាប្រមុខរដ្ឋស្ដីទី, ការទទួលសារតាំងពីសំណាក់ឯកអគ្គរដ្ឋទូត និងប្រធានស្ថានតំណាងបរទេស និង ការរៀបចំពិធីលៀងសាយភោជន៍ និងបដិសណ្ឋារកិច្ចផ្លូវការជូនឥស្សរជនជាន់ខ្ពស់បរទេស។

ព្រះរាជពិធីសម្ពោធនាព្រឹកនេះ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិក ក្នុងស្មារតីលើកកម្ពស់កិត្យានុភាពជាតិ និងសបញ្ជាក់ឱ្យឃើញពីស្ថិរភាពនយោបាយ និងការរីកចម្រើននៃស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា។

ក្នុងឱកាសដ៏មហោឡារិកនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៅក្នុងគ្រប់កាលៈទេសៈ ដែលប្រទេសជាតិត្រូវទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេស នាពេលកន្លងទៅ សម្តេចបានដឹកនាំ និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេសជាមួយបងប្អូនវីរយុទ្ធជនជាតិយើង នៅគ្រប់លំដាប់ថ្នាក់ និងនៅតាមទីតាំងបញ្ជាការជួរមុខតាមបណ្តោយព្រំដែនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ ផ្តល់ការលើកទឹកចិត្ត គាំទ្រគ្រប់បែបយ៉ាង និងគ្រប់ទិដ្ឋភាពដោយគ្មានពេលសម្រាក ទាំងយប់-ថ្ងៃ ដើម្បីបុព្វហេតុតែមួយគត់គឺការការពារឱ្យខាងតែបាននូវបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិយើង។ នេះបើយោងតាមព្រះរាជសន្ទរកថារបស់ព្រះករុណាព្រះមហាក្សត្រ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៨៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3