The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

កម្ពុជា ជំរុញការទូតសេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី តាមរយៈទស្សនកិច្ចសិក្សារបស់ប្រតិភូអាស៊ាន-ចិន នៅសៀមរាប

កម្ពុជា ជំរុញការទូតសេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី តាមរយៈទស្សនកិច្ចសិក្សារបស់ប្រតិភូអាស៊ាន-ចិន នៅសៀមរាប
ភ្នំពេញ, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦៖ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យធុរកិច្ច ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំប្រតិភូអាស៊ាន-ចិន ចុះទស្សនកិច្ចដោយផ្ទាល់នៅតាមបណ្តាសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងខេត្តសៀមរាប ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាសទីផ្សារថ្មីៗ។

សកម្មភាពនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងក្របខ័ណ្ឌនៃ «សិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្លាស់ប្តូរសហគ្រិនស្ត្រីអាស៊ាន-ចិន»។ ឯកឧត្តម​ យៀប​ សំណាង អនុរដ្ឋលេខាធិការក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំសិក្ខាកាមប្រមាណ ១០០រូប ដែលជាតំណាងមកពីវិស័យសាធារណៈ និងឯកជននៃបណ្តាប្រទេសអាស៊ាន និងប្រទេសចិន ចុះស្វែងយល់ពីសង្វាក់ផលិតកម្មនៅទីតាំងសំខាន់ៗចំនួន ៥ រួមមាន៖ សិប្បកម្មកែច្នៃសក់ (ការស្វែងយល់ពីទីផ្សារនាំចេញផលិតផលសក់), សិប្បកម្មកែច្នៃត្រីសំណាងសុធា (ការលើកកម្ពស់ផលិតផលម្ហូបអាហារក្នុងស្រុក), ក្រុមហ៊ុនគ្រឿងអលង្ការវណ្ណហុង (ការបង្ហាញពីស្នាដៃច្នៃប្រឌិត និងតម្លៃសិល្បៈគ្រឿងអលង្ការខ្មែរ), កសិដ្ឋានសូត្រអង្គរ (ការរក្សាប្រពៃណីត្បាញសូត្រ និងការបង្កើតការងារជូនសហគមន៍) និង មជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្មសច្ចៈ (ទីកន្លែងប្រមូលផ្តុំសិប្បករដើម្បីច្នៃប្រឌិតផលិតផលវត្ថុអនុស្សាវរីយ៍ខ្មែរ)។

Photo: MFAICPhoto: MFAIC
យោងតាមក្រសួងការបរទេស ទស្សនកិច្ចនេះមិនត្រឹមតែជាការបង្ហាញអំពីបេតិកភណ្ឌវប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រ «ការទូតសេដ្ឋកិច្ច» យ៉ាងសកម្ម។ វាក៏បានផ្តល់ឱកាសឱ្យសហគ្រិនស្ត្រីអាស៊ាន និងចិន បានយល់ដឹងពី «ឧត្តមានុវត្តន៍» (Best Practices) របស់ MSMEs កម្ពុជា ក្នុងការបង្កើតការងារ និងការកសាងភាពធន់នៃសេដ្ឋកិច្ចសហគមន៍។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ «មូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន» (ASEAN-China Cooperation Fund - ACCF)។ នេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងការផ្តល់អំណាចដល់ស្ត្រីក្នុងវិស័យសហគ្រិនភាព៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3