The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

គ.ជ.ប បើកវគ្គបណ្តុះបណ្តាលមន្ត្រី និងភាគីពាក់ព័ន្ធ ត្រៀមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

គ.ជ.ប បើកវគ្គបណ្តុះបណ្តាលមន្ត្រី និងភាគីពាក់ព័ន្ធ ត្រៀមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ភ្នំពេញ, ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ជូនដល់មន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្ត តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ដើម្បីពង្រឹងសមត្ថភាពលើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ សំដៅធានាឱ្យបាននូវបញ្ជីបោះឆ្នោតមួយដែលមានភាពសុក្រឹត និងទំនុកចិត្តខ្ពស់។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាព ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដោយមានសិក្ខាកាមចូលរួមសរុបប្រមាណ ១៤០នាក់។

ឯកឧត្តម ទេព នីថា បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យឱ្យបានពេញលេញ និងត្រឹមត្រូវបំផុត ដើម្បីត្រៀមបម្រើឱ្យ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ កិច្ចដំណើរការនេះ នឹងផ្តោតលើចំណុចសំខាន់ៗដូចជា៖ ការចុះឈ្មោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ២០២៧) និងអ្នកផ្លាស់លំនៅឋានចូលថ្មី, កែតម្រូវទិន្នន័យជីវប្រវត្តិ និងការប្តូរការិយាល័យបោះឆ្នោត, ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងខ្ចៅដៃ) សម្រាប់អ្នកដែលមិនទាន់បានធ្វើបច្ចុប្បន្នភាពកន្លងមក និងការលុបឈ្មោះអ្នកដែលបានទទួលមរណភាព ឬអ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតចេញពីបញ្ជី។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committeeប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកឡើងពីបញ្ហាប្រឈមដោយសារស្ថានភាពនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងផលប៉ះពាល់ពីជម្លោះយោធាកាលពីឆ្នាំ២០២៥។ ឯកឧត្តមបានសង្កត់ធ្ងន់ថា គ.ជ.ប ត្រូវយកចិត្តទុកដាក់ខ្ពស់លើការស្រង់ស្ថិតិ និងការកំណត់ទីតាំងការិយាល័យបោះឆ្នោត ដើម្បីធានាថាប្រជាពលរដ្ឋដែលរងគ្រោះ ឬផ្លាស់ទីលំនៅ នៅតែអាចប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួនបានតាមច្បាប់កំណត់។

វគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហានេះ នឹងផ្តោតលើការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ នីតិវិធីបច្ចេកទេសកុំព្យូទ័រ ការប្រើប្រាស់ទម្រង់បែបបទ និងការចេញលិខិតបញ្ជាក់អត្តសញ្ញាណផ្សេងៗ។

សូមជម្រាបជូនថា យោងតាមកាលវិភាគរបស់ គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស នឹងត្រូវចាប់ផ្តើមអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committeeប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
End image 1
End image 2