The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ទស្សនៈ លោក ឡាំ ឡាយ៖ ប្រសិទ្ធភាពការងារកើតចេញពីការតម្កល់ «ប្រយោជន៍រួម» ជាធំ ជាជាងការចង់ឈ្នះចាញ់រៀងៗខ្លួន

ទស្សនៈ លោក ឡាំ ឡាយ៖ ប្រសិទ្ធភាពការងារកើតចេញពីការតម្កល់ «ប្រយោជន៍រួម» ជាធំ ជាជាងការចង់ឈ្នះចាញ់រៀងៗខ្លួន
ភ្នំពេញ, ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦៖ នៅក្នុងបរិបទនៃការដឹកនាំ និងគ្រប់គ្រងស្ថាប័ននាពេលបច្ចុប្បន្ន ការបង្កើតប្រសិទ្ធភាពការងារមិនមែនផ្អែកទៅលើតែសមត្ថភាពបុគ្គលម្នាក់ៗនោះទេ វាអាស្រ័យទៅលើស្មារតីនៃការតម្កល់ប្រយោជន៍រួមលើសពីអ្វីៗទាំងអស់។ នេះគឺជាទស្សនៈយ៉ាងស៊ីជម្រៅរបស់លោក ឡាំ ឡាយ ដែលបានដកស្រង់ចេញពីការសិក្សាលើទ្រឹស្ដីគ្រប់គ្រងរបស់អ្នកប្រាជ្ញ Peter Drucker។

លោក ឡាំ ឡាយ បានលើកឡើងថា យោងតាមទ្រឹស្ដីរបស់ Peter Drucker អ្នកគ្រប់គ្រងដែលខ្លាំង គឺជាអ្នកដែលចេះគ្រប់គ្រង «ប្រសិទ្ធភាព»។ លោកបានពន្យល់ថា បើអ្នកគ្រប់គ្រងផ្ដោតតែលើការគ្រប់គ្រងមនុស្សខ្លាំង ឬមនុស្សខ្សោយ នោះបញ្ហានឹងកើតមានមិនចេះចប់។

លោក ឡាំ ឡាយ បញ្ជាក់ថា៖ «អ្នកខ្លាំងខ្លះអាចនឹងមានភាពក្រអឺតក្រទម មើលងាយអ្នកតូចតាច ចំណែកអ្នកតូចតាចខ្លះទៀត តែងតែរកលេសបង្អាក់ការងារ ដែលប៉ះពាល់ដល់ប្រសិទ្ធភាព និងរាំងខ្ទប់ប្រយោជន៍រួម»។ ផ្ទុយទៅវិញ អ្នកគ្រប់គ្រងដែលមានប្រសិទ្ធភាព គឺជាអ្នកដែលមិនយកចិត្តទុកដាក់លើការចង់ឈ្នះ ឬចង់ចាញ់បុគ្គលម្នាក់ៗឡើយ ប៉ុន្តែព្យាយាម «បង្រួមមនុស្ស» ដើម្បីបង្កើតផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

នៅក្នុងរង្វង់ស្ថាប័ន ប្រសិទ្ធភាពការងារនឹងកើតមានទៅបាន លុះត្រាតែ «ផលប្រយោជន៍រួម» ត្រូវបានដាក់នៅចំពោះមុខ។ លោក ឡាំ ឡាយ បានសង្កត់ធ្ងន់ថា អ្នកគ្រប់គ្រងត្រូវតែមានភារកិច្ចបណ្ដុះទស្សនវិស័យទៅកាន់សមាជិកគ្រប់រូប។ ប្រសិនណាបើបុគ្គលិកគ្រប់លំដាប់ថ្នាក់មិនយល់ច្បាស់ពីទស្សនវិស័យរួមទេនោះ ប្រសិទ្ធភាពការងារនឹងត្រូវអន់ថយទៅតាមនោះដែរ។

..
មិនត្រឹមតែក្នុងកម្រិតស្ថាប័នប៉ុណ្ណោះទេ លោក ឡាំ ឡាយ ក៏បានពង្រីកទស្សនៈនេះទៅកាន់កម្រិតសង្គមជាតិផងដែរ។ លោកជឿជាក់ថា ប្រសិនបើបុគ្គលម្នាក់ៗដាក់គោលដៅលើ «ផលប្រយោជន៍ជាតិ» ជាធំ នោះភាពកម្សោយដែលកើតចេញពីការប្រកាន់ខឹង ការក្រអឺតក្រទម ឬការយកទោសអូសដំណើរគ្នានឹងត្រូវបានកាត់បន្ថយ។ នៅពេលនោះ ម្នាក់ៗនឹង «មុជនឹងការងារ មូរដៃអាវធ្វើការ» ក្នុងបុព្វហេតុរួមរៀងៗខ្លួន។

ជាចុងក្រោយ លោក ឡាំ ឡាយ បានរម្លឹកឃ្លាដ៏ល្បីល្បាញរបស់អតីតប្រធានាធិបតីអាមេរិក ចន អេហ្វ ឃេណ្ណឺឌី (John F. Kennedy) ដែលថា៖ «កុំសួរថាតើប្រទេសជាតិអាចធ្វើអ្វីខ្លះសម្រាប់អ្នក ប៉ុន្តែត្រូវសួរខ្លួនឯងថាតើអ្នកអាចធ្វើអ្វីខ្លះសម្រាប់ប្រទេសជាតិវិញ?» ឃ្លានេះនៅតែជាគ្រឹះដ៏រឹងមាំសម្រាប់សមាជិកគ្រួសារ សហការីក្នុងស្ថាប័ន និងពលរដ្ឋក្នុងសង្គម។

លោកបានបន្ថែមថា ប្រសិនបើលទ្ធផលការងារមិនទាន់ដល់កម្រិតដែលចង់បាន ឬមានកំហុសឆ្គងកើតឡើង យើងគួរចូលរួមកែលម្អ ជាជាងការរកលេសការពារកំហុស ឬការក្រអឺតក្រទមដាក់គ្នា។ ការរួមចិត្ត រួមទស្សនវិស័យ ដើម្បីកសាងផលប្រយោជន៍រួមឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព៕

អត្ថបទដោយ៖ ក្រុមការងារព័ត៌មាន The Khmer Daily Network
End image 1
End image 2