The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង អំពាវនាវឱ្យវិស័យឯកជនចូលរួម មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ដើម្បីនាំអត្តសញ្ញាណខ្មែរទៅអន្តរជាតិតាមរយៈភាពយន្ត

ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង អំពាវនាវឱ្យវិស័យឯកជនចូលរួម មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ដើម្បីនាំអត្តសញ្ញាណខ្មែរទៅអន្តរជាតិតាមរយៈភាពយន្ត
ភ្នំពេញ, ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសជាផ្លូវការនូវការរៀបចំ «មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥» ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង»។ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ តារាសម្តែងល្បីឈ្មោះ កញ្ញា ស៊ីន យូប៊ីន និង លោក ខាត់ វ៉ៃហាំង ត្រូវបានផ្តល់កិត្តិយសជ្រើសរើសជាទូតសឆន្ទៈសម្រាប់មហោស្រពឆ្នាំ២០២៦នេះ។

ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន The Khmer Daily Network ទូតសឆន្ទៈទាំង ២រូប បានបង្ហាញមោទនភាពយ៉ាងខ្លាំង និងបានអំពាវនាវយ៉ាងទទូចដល់វិស័យឯកជន មេត្តាចូលរួមចំណែកឱ្យបានកាន់តែសកម្មជាមួយមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា។ ការចូលរួមនេះ មិនត្រឹមតែជាការគាំទ្រដល់យុវផលិតករកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួមគ្នានាំយកអត្តសញ្ញាណជាតិខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិតាមរយៈផ្ទាំងទស្សនីយភាពភាពយន្ត។

ថ្លែងក្នុងពិធីសន្និសីទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ ឆ្នាំ២០២៦ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងថា មហោស្រពជាតិភាពយន្តភាពយន្តខ្នាតខ្លីកម្ពុជា គឺជាព្រឹត្តិការណ៍ដែលរៀបចំឡើងដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើឡើងជារៀងរាល់០២ឆ្នាំម្តង ហើយដែលឆ្នាំនេះគឺជាឆ្នាំទី៥នៃការរៀបចំ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្ត​ខ្នា​តវែង» ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល ០៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនៅសាលសន្និសីទចតុម្មុខ និងតាមបណ្តារោងភាពយន្តមួយចំនួនក្នុងរាជធានីភ្នំពេញ។

គោលបំណងសំខាន់ៗនៃមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា គឺ ជាយន្តការលើកទឹកចិត្ត, ជាយន្តការសម្រាប់វាស់ស្ទង់កម្រិតសមត្ថភាព ព្រឹត្តិការណ៍នេះក៏នឹងបង្កើតនូវបរិយាកាសដ៏សំបូរបែបបន្ថែមទៀត នូវសកម្មភាពនិងព្រឹត្តិការណ៍វប្បធម៌នៅក្នុងប្រទេស ព្រមទាំងបង្កើតបាននូវផលិតផលវប្បធម៌ថ្មីៗ ដែលមិនត្រឹម​តែបម្រើឲ្យការកម្សាន្តប៉ុណ្ណោះទេ តែក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី កិត្យានុភាព និងអត្តសញ្ញាណជាតិ ដែលនេះគឺជាអំណាចទន់ (Soft Power)របស់កម្ពុជា។

ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា មហោស្រពនេះជាយន្តការដ៏សំខាន់ក្នុងការវាស់ស្ទង់សមត្ថភាពយុវផលិតករ និងជាការប្រើប្រាស់អំណាចទន់ (Soft Power) ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងកិត្យានុភាពជាតិ។

..
ឯកឧត្តម ឯក ប៊ុនថា បានមានប្រសាសន៍ថា Çមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥​ ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លី ​ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ដែលគ្រោងនឹងរៀបចំនាសប្តាហ៍​​ទី១ នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញលើកទឹកចិត្ត ​ដល់​យុវជនដើម្បីបញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមា​ន តាមរយៈ​អេក្រង់ ឬផ្ទាំង​សំពត់ស និងជាជំហានដំបូងក្នុងការនាំពួកឱ្យក្លាយជាផលិតករភាពយន្ត។ មហោស្រព នេះ ក៏ជាវេទិកាដ៏មានតម្លៃសម្រាប់យុវផលិតករ ក្នុងការបង្ហាញ និងចែករំលែកស្នាដៃរបស់ខ្លួន ទៅកាន់សាធារណជន ព្រមទាំងជាជំហានដំបូងក្នុងការបណ្តុះបណ្តាល និងតម្រង់ទិសពួកគេ ឱ្យឈានទៅក្លាយជាផលិតករភាពយន្តអាជីពនាពេលអនាគតផងដែរÈ។

សម្រាប់យុវជន និងផលិតករដែលមានបំណងដាក់ពាក្យចូលរួម អាចទាក់ទងដោយផ្ទាល់នៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ឬតាមរយៈ Google Form ដែលនឹងត្រូវប្រកាសជាផ្លូវការលើទំព័រហ្វេសប៊ុករបស់នាយកដ្ឋានសិល្បៈភាពយន្ត

នៅក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជានេះ យើងមានពានរង្វាន់ធំចំនួន ៤ រួមមាន៖ ពានជ័យលាភីលេខ១ (Gold Award) នឹងទទួលបានពានមាស អមដោយថវិកា, ពានជ័យលាភីលេខ២ (Silver Award) នឹងទទួលបានពានប្រាក់ អមដោយថវិកា, ពានជ័យលាភីលេខ៣ (Bronze Award) នឹងទទួលបានពានសំរិទ្ធ អមដោយថវិកា និងពានរង្វាន់របស់មេប្រយោគ(Special Jury Award) នឹងទទួលបានពាន អមដោយថវិកា។

ក្រៅពីការបញ្ចាំងភាពយន្តសម្រាប់ការប្រកួតប្រជែង គណៈកម្មការរៀបចំមហោស្រព នឹងរៀបចំការបណ្តុះបណ្តាល​ Cambodia FilmLab និងសិក្ខាសាលាភាពយន្ត Masterclass, Filmmaker’s Nights និង Networking Session ដែលនឹងអញ្ជើញវាគ្មិនជំនាញៗប្រកបដោយបទពិសោធន៍ ព្រមទាំងផលិតករថ្មីចាស់ជាច្រើនរូបចូលរួមពិភាក្សាចែករំលែកបទពិសោធន៍ និងធាតុចូលសំខាន់ៗក្នុងគោលបំណងជំរុញលើកកម្ពស់កម្រិតសមត្ថភាពធនធានមនុស្ស និងការពង្រឹងគុណភាពភាពយន្តកម្ពុជាផងដែរ៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3