The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ខួបលើកទី៧០ នៃទំនាក់ទំនងការទូត កម្ពុជា និង រុស្ស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាស្ថានភាពព្រំដែនកម្ពុជា-ថៃ

ខួបលើកទី៧០ នៃទំនាក់ទំនងការទូត កម្ពុជា និង រុស្ស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាស្ថានភាពព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៖ កម្ពុជា និង សហព័ន្ធរុស្ស៊ី បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះចំណងមិត្តភាពដ៏រឹងមាំដែលមានរយៈពេល ៧ ទសវត្សរ៍មកនេះ ព្រមទាំងបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនបន្ថែមទៀត នៅក្នុងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣។

តួយ៉ាង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ២០២៦ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Andrey Rudenko អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី បានធ្វើជាសហប្រធានក្នុងកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព និងកំណត់ទិសដៅការងារនាពេលអនាគត។

ក្នុងកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣នេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ខណៈឆ្នាំ២០២៦ គឺជាឆ្នាំពិសេសនៃខួបលើកទី៧០ នៃទំនាក់ទំនងការទូត ដែលនឹងត្រូវប្រារព្ធឡើងតាមរយៈការផ្លាស់ប្តូរលិខិតអបអរសាទរពីថ្នាក់ដឹកនាំ ការតាំងពិព័រណ៍រូបថត និងព្រឹត្តិការណ៍កីឡាផ្សេងៗ។

កិច្ចពិភាក្សារវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួង ការបរទេសនៃសហព័ន្ធរុស្ស៊ីនេះ ក៏បានផ្តោតលើការជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ការអប់រំ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។


photo_4_2026-08-26_10-55-05.jpgphoto_4_2026-08-26_10-55-05.jpg
កម្ពុជា និងរុស្ស៊ី បានបញ្ជាក់ពីការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ (UN), អាស៊ាន-រុស្ស៊ី, សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) និងអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ ជាពិសេស រុស្ស៊ីនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកចូលរួមសន្និសីទប្រធានសភាអន្តរសភា លើកទី២ (ISC-2) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ជាមួយគ្នានោះផងដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីកង្វល់រួម រួមទាំងបច្ចុប្បន្ន ភាពលើស្ថានភាពព្រំដែនកម្ពុជា-ថៃ ។ សហប្រធានទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Andrey Rudenko ក៏បានចូលជួបសម្តែងការគួរសមជាមួយ ថ្នាក់ដឹកនាំកម្ពុជា រួមមាន សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជំនួបទាំងនេះបានពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2