The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ប្រធានរដ្ឋសភាកម្ពុជា និង ម៉ាឡេស៊ី រួមគ្នាទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន

ប្រធានរដ្ឋសភាកម្ពុជា និង ម៉ាឡេស៊ី រួមគ្នាទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន
ភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Tan Sri Dato' Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគី ក្នុងបរិយាកាសស្និទ្ធស្នាល និងភាតរភាពបំផុត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

ក្នុងស្មារតីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសកម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នាក្នុងការជំរុញវិស័យសេដ្ឋកិច្ច សន្តិសុខបច្ចេកវិទ្យា និងការផ្លាស់ប្តូរបទពិសោធន៍នៃការបណ្តុះបណ្តាលយុវជន ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។

ក្នុងនោះ សម្ដេចមហារដ្ឋសភាធិការធិបតី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលតែងតែឈរនៅក្បែរកម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់ការស្តារ និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចបច្ចុប្បន្ន។ ក្នុងឱកាសនោះ សម្ដេចក៏បានប្រសិទ្ធពរជ័យ និងអបអរសាទរខួបបុណ្យឯករាជ្យជាតិលើកទី៦៧ របស់ប្រទេសម៉ាឡេស៊ីផងដែរ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Assembly Of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Assembly Of Cambodia
ថ្នាក់ដឹកនាំទាំង២ បានឯកភាពជំរុញឱ្យមានការវិនិយោគកាន់តែខ្លាំងឡើង ពិសេសលើ
វិស័យម្ហូបអាហារហាឡាល់ (Halal Food) ដែលកម្ពុជាមានសក្តានុពលក្នុងការផលិត និងនាំចេញ។ ថាមពលស្អាត និងបច្ចេកវិទ្យា និង សន្តិសុខសាយប័រ (Cybercrime) ដោយបានប្តេជ្ញារួមគ្នាទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីការពារសុវត្ថិភាពប្រជាជន និងបានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់លើជីវភាព និងសិទ្ធិរបស់ពលករ និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម Tan Sri Dato' Johari bin Abdul បានកោតសរសើរចំពោះស្ថិរភាពនយោបាយនៅកម្ពុជា និងបានបង្ហាញបំណងក្នុងការយកបទពិសោធន៍ល្អៗពីកម្ពុជា ទៅបញ្ចូលក្នុងកម្មវិធី «សភាវ័យក្មេង» (Youth Parliament) នៅម៉ាឡេស៊ី។ គោលបំណងគឺដើម្បីបណ្តុះស្មារតីយុវជនឱ្យស្រឡាញ់សន្តិភាព និងត្រៀមខ្លួនជាអ្នកដឹកនាំប្រកបដោយទំនួលខុសត្រូវ។

សូមជម្រាបថា ជំនួបនាព្រឹកនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ស្ថាប័ននីតិប្បញ្ញត្តិទាំង២ ក្នុងការចូលរួមចំណែកថែរក្សាមជ្ឈភាពអាស៊ាន និងដោះស្រាយបញ្ហាប្រឈមជាសកលតាមរយៈវេទិកាអន្តរសភា៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3