The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

នេត្រ ភក្ត្រា៖ តំបន់អានសេះ ត្រូវដោះស្រាយដោយច្បាប់ ផែនទី ឯកសារព្រំដែន និងយន្តការភាគីទាំងពីរបានព្រមព្រៀង មិនមែនបង្កើតអង្គហេតុថ្មីនៅលើដីឡើយ

នេត្រ ភក្ត្រា៖ តំបន់អានសេះ ត្រូវដោះស្រាយដោយច្បាប់ ផែនទី ឯកសារព្រំដែន និងយន្តការភាគីទាំងពីរបានព្រមព្រៀង មិនមែនបង្កើតអង្គហេតុថ្មីនៅលើដីឡើយ
ភ្នំពេញ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៖ ចំណុចសំខាន់ដែលមិនគួរត្រូវបានបង្វែរចេញពីការពិភាក្សា គឺ៖ តើតំបន់អានសេះស្ថិតនៅទីណា? នេះជាសំនួរដែល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចោទសួរលើបណ្តាញសង្គមផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ អមដោយសំណេរដែលលើកឡើងអំពី តំបន់អានសេះ៖ ផែនទីបញ្ជាក់អង្គហេតុ ហើយវត្តមានដោយគ្មានការអនុញ្ញាតមិនអាចបង្កើតអធិបតេយ្យភាពបានឡើយ។

យោងតាមសំណេររបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបរាប់ថា ការតវ៉ាយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះដំណើរដោយគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ចូលតំបន់អានសេះ ទឹកដីកម្ពុជា គឺជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យមួយ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយឈរលើមូលដ្ឋានឯកសារគតិយុត្ត ផែនទី និងអង្គហេតុដែលមានស្រាប់។

''ចំណុចសំខាន់ដែលមិនគួរត្រូវបានបង្វែរចេញពីការពិភាក្សា គឺ៖ តើតំបន់អានសេះស្ថិតនៅទីណា?''

ចម្លើយមិនអាចកំណត់ដោយសុន្ទរកថានយោបាយ ការចុះទៅកាន់ទីតាំងរបស់មន្ត្រីជាន់ខ្ពស់ ការដាក់ទង់ជាតិ ឬវត្តមានរបស់កងកម្លាំងយោធាកាន់កាប់ដោយខុសច្បាប់បានឡើយ ហើយក៏មិនអាចកំណត់ដោយផែនទីឯកតោភាគីដែលរៀបចំឡើងដោយភាគីណាមួយដោយខ្លួនឯងបានដែរ។ ចម្លើយត្រូវស្វែងរកនៅក្នុងអនុសញ្ញា សន្ធិសញ្ញា ឯកសារកំណត់ព្រំដែន ផែនទីពាក់ព័ន្ធ និងការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ដែលមានមូលដ្ឋានគតិយុត្តច្បាស់លាស់ និងស្របតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។

តាមការបញ្ជាក់របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំបន់អានសេះស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។ ផែនទីមាត្រដ្ឋាន 1:200,000 ដែលកើតចេញពីដំណើរការកំណត់ព្រំដែនឥណ្ឌូចិន-សៀមតាមអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ បង្ហាញទីតាំងនេះនៅក្នុងទឹកដីកម្ពុជា។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺសូម្បីតែផែនទីស៊េរី L7017 មាត្រដ្ឋាន 1:50,000 ដែលថៃបានរៀបចំជាឯកតោភាគី និងដែលកម្ពុជាមិនទទួលស្គាល់ជាមូលដ្ឋានគតិយុត្តសម្រាប់ការកំណត់ព្រំដែន ក៏បង្ហាញទីតាំងអានសេះនៅខាងកម្ពុជានៃខ្សែដែលមានបង្ហាញលើផែនទីនោះផងដែរ។ នេះជាអង្គហេតុដែលទាមទារចម្លើយ មិនមែនការបង្វែរបញ្ហាឡើយ។

ពាក្យសម្ដីមិនអាចបង្កើតព្រំដែនបានទេ ហើយកម្លាំងក៏មិនអាចបង្កើតព្រំដែនបានដែរ។ ការទាមទារឯកតោភាគីមិនអាចបង្កើតអធិបតេយ្យភាពបាន ហើយការកាន់កាប់ដោយកម្លាំងក៏មិនអាចបង្កើតអធិបតេយ្យភាពបានឡើយ។

ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាខ្សែព្រំដែនអន្តរជាតិ។ ទង់ជាតិមិនអាចផ្ទេរអធិបតេយ្យភាពពីរដ្ឋមួយទៅរដ្ឋមួយបានទេ។ ការដាក់កងកម្លាំង ការសាងសង់ផ្លូវ ឬការបង្កើតវត្តមានជាក់ស្តែងនៅលើដី ក៏មិនអាចជំនួសការកំណត់ និងខ័ណ្ឌសីមាព្រំដែនស្របច្បាប់បានឡើយ។ ហើយដំណើររបស់នាយករដ្ឋមន្ត្រីមួយរូប ក៏មិនអាចធ្វើឱ្យការកាន់កាប់ដែលគ្មានមូលដ្ឋានច្បាប់ ក្លាយទៅជាការកាន់កាប់ស្របច្បាប់បានដែរ។
នេះហើយជាចំណុចស្នូលដែលការឆ្លើយតបរបស់ភាគីថៃមិនអាចរំលងបាន។ ហើយប្រសិនបើភាគីថៃអះអាងថាមិនបានឈ្លានពានទឹកដីកម្ពុជា គួរប្រគល់ទឹកដីដែលយោធាថៃបាននិងកំពុងកាន់កាប់ខុសច្បាប់មកឱ្យកម្ពុជាវិញ ហើយរុះរើចោលលួសបន្លា និងដកទូតុងតឺន័រចេញពីទឹកដីកម្ពុជា។

ជាពិសេស ដំណើររបស់លោក អនុទីន ចាន់វីរៈគុល មិនអាចត្រូវបានយកមកធ្វើជាមូលដ្ឋានដើម្បីបង្កើត ឬពង្រឹងការទាមទារអធិបតេយ្យភាពរបស់ថៃលើតំបន់អានសេះបានឡើយ។ គោលការណ៍ច្បាប់មូលដ្ឋានគឺ អំពើដែលមិនស្របច្បាប់មិនអាចបង្កើតសិទ្ធិស្របច្បាប់បានទេ។ ការចូលមកកាន់តំបន់អានសេះដោយគ្មានការអនុញ្ញាតពីកម្ពុជារបស់មន្ត្រីជាន់ខ្ពស់នៃប្រទេសថៃមិនអាចបិទបាំងអំពើឈ្លានពានទឹកដីកម្ពុជា និងភាពមិនស្របច្បាប់នៃស្ថានភាពនៃការកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់ឡើយ និងលាក់បាំង fait accompli ហើយក៏មិនអាចផ្លាស់ប្តូរឋានៈគតិយុត្តនៃទឹកដីបានដែរ។


ការអនុវត្តសិទ្ធិ និងច្បាប់របស់កម្ពុជាចំពោះសកម្មភាពដែលកើតឡើងក្នុងទឹកដីអធិបតេយ្យរបស់ខ្លួន មិនអាចត្រូវបានបំភាន់ថាជាការគំរាមប្រើកម្លាំងយោធាឡើយ។ ការអនុវត្តច្បាប់ និងការគំរាមប្រើកម្លាំង គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នា ទាំងក្នុងន័យច្បាប់ និងក្នុងន័យការទូត។ ការលាយបញ្ចូលបញ្ហាទាំងពីរនេះ គ្រាន់តែធ្វើឱ្យការពិភាក្សាឃ្លាតចេញពីអង្គហេតុ និងសំណួរផ្នែកច្បាប់ដែលត្រូវដោះស្រាយ និងគ្រាន់តែដើម្បីបិទបាំងទង្វើខុសច្បាប់នៃការចូលមកកាន់ទឹកដីរដ្ឋមួយដោយគ្មានការអនុញ្ញាត។

លើសពីនេះ ការកាន់កាប់ទីតាំង ការដាក់របាំង ការដាក់ទូកុងតឺន័រ ការរាយលួសបន្លា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការដាក់ទង់ ឬការនាំមន្ត្រីជាន់ខ្ពស់ចូលទៅបង្ហាញវត្តមាន មិនអាចត្រូវបានប្រើដើម្បីបង្កើត «អង្គហេតុថ្មី» (fait accompli) នៅលើដី ហើយបន្ទាប់មកយកស្ថានភាពដែលបង្កើតឡើងដោយឯកតោភាគីនោះ មកធ្វើជាមូលដ្ឋានសម្រាប់ការទាមទារអធិបតេយ្យភាព ឬសម្រាប់ការចរចាព្រំដែននៅពេលក្រោយបានឡើយ។

កាន់តែសំខាន់ សកម្មភាពទាំងឡាយដែលអាចធ្វើឱ្យស្ថានភាពនៅលើដីប្រែប្រួល ត្រូវពិនិត្យក្នុងបរិបទនៃកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្នុងការទប់ស្កាត់សកម្មភាពបង្កហេតុ ការកើនឡើងនៃភាពតានតឹង និងការផ្លាស់ប្តូរស្ថានភាពដែលអាចប៉ះពាល់ដល់ដំណើរការកំណត់ព្រំដែន។ ដំណើររបស់មន្ត្រីជាន់ខ្ពស់ទៅកាន់តំបន់ដែលមានបញ្ហាព្រំដែន មិនគួរត្រូវបានប្រើជាឧបករណ៍នយោបាយដើម្បីពង្រឹងការទាមទារទឹកដី ឬបង្កើតការយល់ឃើញថា ការគ្រប់គ្រងជាក់ស្តែងស្មើនឹងអធិបតេយ្យភាព នោះឡើយ។

ប្រសិនបើភាគីថៃពិតជាជឿថា ព្រំដែនត្រូវកំណត់ដោយអង្គហេតុ ច្បាប់ និងយន្តការទ្វេភាគី នោះវិធីដែលស្របគ្នាបំផុតជាមួយគោលការណ៍នេះ គឺ បញ្ឈប់ការបង្កើតអង្គហេតុថ្មីនៅលើដី រក្សាស្ថានភាពមិនឱ្យប្រែប្រួល និងវិលត្រឡប់ទៅការងារបច្ចេកទេស និងយន្តការព្រំដែនដែលភាគីទាំងពីរបានព្រមព្រៀង និងកុំព្យាយាមពន្យារពេល និងរកលេសសព្វបែបយ៉ាងដើម្បីគេចពីកិច្ចព្រមព្រៀងដែលមាន។

ជាពិសេស ភាគីទាំងពីរត្រូវអនុវត្តដោយស្មោះត្រង់នូវចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបញ្ជាក់ថា៖

«ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន បន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន… ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ»។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Neth Pheaktraប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Neth Pheaktra
ខ្លឹមសារនេះមានន័យច្បាស់ថា ការកំណត់ និងខ័ណ្ឌសីមាព្រំដែនត្រូវធ្វើតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង ជាពិសេសតាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC)។ ដូច្នេះ ភាគីណាមួយមិនគួរបង្កើតស្ថានភាពជាក់ស្តែងថ្មីនៅលើដី រួចយកស្ថានភាពនោះទៅធ្វើជាមូលដ្ឋានសម្រាប់កំណត់ព្រំដែននៅពេលក្រោយឡើយ។

កម្ពុជាចង់បានសន្តិភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់ខ្លួន។ កម្ពុជាគាំទ្រការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈច្បាប់ ឯកសារគតិយុត្ត និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ ប៉ុន្តែសន្តិភាពមិនមានន័យថា កម្ពុជាត្រូវទទួលយកការប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនដោយស្ងៀមស្ងាត់នោះទេ។ ការចរចាក៏មិនមានន័យថា ភាគីមួយអាចបន្តកាន់កាប់ ឬបង្កើតស្ថានភាពថ្មីនៅលើដី ខណៈពេលអំពាវនាវឱ្យភាគីម្ខាងទៀតវិលមករកតុចរចានោះដែរ។

ដូច្នេះ សំណួរដែលគួរត្រូវបានសួរមិនមែនថា «ហេតុអ្វីកម្ពុជាតវ៉ា?» នោះទេ។ សំណួរត្រឹមត្រូវគឺ៖ «ប្រសិនបើថៃគោរពការចរចា ច្បាប់ និងការកំណត់ព្រំដែនតាមយន្តការដែលបានព្រមព្រៀង ហេតុអ្វីត្រូវបន្តបង្កើតវត្តមាន និងស្ថានភាពថ្មីនៅតំបន់ដែលកម្ពុជាបង្ហាញភស្តុតាងថាស្ថិតក្នុងទឹកដីរបស់ខ្លួន?»

ផែនទីមិនអាចត្រូវបានផ្លាស់ប្តូរដោយដំណើរទស្សនកិច្ច។ ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរដោយវត្តមានយោធា។ ហើយអធិបតេយ្យភាពមិនអាចកើតចេញពីការកាន់កាប់ដោយកម្លាំងបានឡើយ។

តំបន់អានសេះត្រូវដោះស្រាយដោយ ច្បាប់ ផែនទី ឯកសារព្រំដែន និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀង - មិនមែនដោយការបង្កើតអង្គហេតុថ្មីនៅលើដីនោះឡើយ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2