The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

កម្ពុជា សម្រេចបាននូវការរៀបចំយុទ្ធសាស្ត្រជាតិ «សុខភាពតែមួយ» ២០២៦-២០៣០ ពង្រឹងសន្តិសុខសុខភាព និងការឆ្លើយតបជំងឺរាតត្បាត

កម្ពុជា សម្រេចបាននូវការរៀបចំយុទ្ធសាស្ត្រជាតិ «សុខភាពតែមួយ» ២០២៦-២០៣០ ពង្រឹងសន្តិសុខសុខភាព និងការឆ្លើយតបជំងឺរាតត្បាត
ភ្នំពេញ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៖ អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) និងអង្គការសុខភាពពិភពលោក (WHO) ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីបញ្ជាក់ និងបញ្ចប់សេចក្តីព្រាង យុទ្ធសាស្ត្រជាតិស្តីពីសុខភាពតែមួយ (National One Health Strategy - NOHS) ២០២៦-២០៣០។

គោលបំណងចម្បងនៃយុទ្ធសាស្ត្រនេះ គឺដើម្បីបង្កើតក្របខ័ណ្ឌយុទ្ធសាស្ត្ររួមគ្នាមួយ ក្នុងការអនុវត្តវិធីសាស្ត្រ «សុខភាពតែមួយ» ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់សហគមន៍ ដោយផ្តោតលើការផ្សារភ្ជាប់គ្នារវាងសុខភាពមនុស្ស សុខភាពសត្វ និងសុខភាពបរិស្ថាន។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក FAO Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក FAO Cambodia
សិក្ខាសាលានេះ ក៏មានការចូលរួមពីស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា និងអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ និងផ្តល់សុពលភាពលើអនុសាសន៍សំខាន់ៗដែលទទួលបានពី «ព្រឹត្តិការណ៍សុខភាពតែមួយ» នៅកម្ពុជា និង «កិច្ចប្រជុំកំពូលសុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ដែលកាលនោះមានការអញ្ជើញចូលរួមផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាសុខភាពជាសកល។

គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រយ៉ាងសកម្មពី «មូលនិធិជំងឺរាតត្បាត» (Pandemic Fund) ដែលនឹងជួយពង្រឹងដល់ការសម្របសម្រួល និងការប្រស្រ័យទាក់ទងរវាងវិស័យពាក់ព័ន្ធ, ការកសាងសមត្ថភាពមន្ត្រីជំនាញ, ការបង្កើតប្រព័ន្ធតាមដានអង្កេតរួមគ្នា (Integrated Surveillance) ដើម្បីបង្ការ រកឃើញ និងឆ្លើយតបទាន់ពេលវេលានូវការគំរាមកំហែងសុខភាពដែលកើតចេញពីចំណុចប្រទាក់គ្នារវាង មនុស្ស-សត្វ-បរិស្ថាន។

យុទ្ធសាស្ត្រជាតិឆ្នាំ ២០២៦-២០៣០ នឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺឆ្លងសត្វមកមនុស្ស (Zoonotic diseases) ការស៊ាំនឹងថ្នាំផ្សះ និងបញ្ហាសុខភាពសាធារណៈផ្សេងៗទៀត ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថាន។ វាគឺជាការរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខសុខភាពជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3