The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

កម្ពុជា និង ទីម័រឡេស្តេ លើកឡើងថា «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាម» ខណៈកម្ពុជាបង្ហាញជំហរដោះស្រាយវិវាទសមុទ្រជាមួយថៃតាមយន្តការអន្តរជាតិ

កម្ពុជា និង ទីម័រឡេស្តេ លើកឡើងថា «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាម» ខណៈកម្ពុជាបង្ហាញជំហរដោះស្រាយវិវាទសមុទ្រជាមួយថៃតាមយន្តការអន្តរជាតិ
ភ្នំពេញ, ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៖ ដើម្បីពង្រឹងសន្តិភាព និងកិច្ចសហប្រតិបត្តិការតំបន់ ប្រធានស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសកម្ពុជា និងទីម័រឡេស្តេ បានឯកភាពគ្នាជាឯកច្ឆន្ទថា «សង្គ្រាមមិនមែនជាដំណោះស្រាយសម្រាប់បញ្ចប់សង្គ្រាមនោះឡើយ» ពោលគឺមានតែការចរចា និងការគោរពច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបជាផ្លូវឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាព។

ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅអគារអគ្គនាយកដ្ឋានពន្ធដារ ក្នុងសង្កាត់ជ្រោយចង្វារ កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)។

ក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភាបានរំលឹកពីចំណងមិត្តភាពដ៏ស្អិតរមួត និងភាពជាមិត្តស្មោះត្រង់រវាងប្រទេសទាំងពីរ។ សម្តេចបានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងឱ្យទីម័រឡេស្តេ ក្លាយជាសមាជិកទី១១ របស់អាស៊ាន និងជាសមាជិកអន្តរសភាអាស៊ាន (AIPA) ដើម្បីពង្រីកសក្ដានុពលតំបន់។

លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ បានគូសបញ្ជាក់ដោយក្តីរំភើបថា ទីម័រឡេស្តេ និងកម្ពុជាមានប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា គឺការឆ្លងកាត់ភ្លើងសង្គ្រាមដ៏ជូរចត់។ លោកជំទាវបានសង្កត់ធ្ងន់ថា៖ «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមនោះទេ មានតែការចរចាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមបាន»។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Assembly Of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Assembly Of Cambodia
លោកជំទាវក៏បានសម្តែងនូវការកោតសរសើរចំពោះសុន្ទរកថាបើកសន្និសីទ ISC-2 របស់សម្តេចតេជោ ហ៊ុន សែន ដែលពោរពេញដោយអត្ថន័យ និងមេរៀនជាក់ស្តែងសម្រាប់សន្តិភាពសកល។

ជាការឆ្លើយតបទៅនឹងបញ្ហាជម្លោះ និងការឈ្លានពាន សម្តេចធិបតី ឃួន សុដារី បានលើកយកករណីជាក់ស្តែងនៃទំនាក់ទំនងជាមួយប្រទេសថៃមកបញ្ជាក់។ សម្តេច បានកត់សម្គាល់ថា ទោះបីមានការរំលោភកិច្ចព្រមព្រៀង និងការគ្រប់គ្រងខុសច្បាប់លើដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់ភាគីថៃ ដែលបង្កឱ្យពលរដ្ឋភៀសសឹកក៏ដោយ ក៏កម្ពុជានៅតែប្រកាន់ជំហរអត់ធ្មត់ និងគោរពច្បាប់អន្តរជាតិ។

ដោយសារភាគីថៃបានលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០១ (MOU 2001) ស្តីពីដែនសមុទ្រត្រួតស៊ីគ្នាជាឯកតោភាគី កម្ពុជាបានសម្រេចចិត្តជ្រើសរើសយក «យន្តការផ្សះផ្សាដោយបង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទនេះ។ អ្វីដែលគួរឱ្យកត់សម្គាល់ កម្ពុជាបានសម្រេចគាំទ្រលោកជំទាវ កាទ្រីណា ឃូបពឺ (Katrina Cooper) ដែលជាអ្នកជំនាញច្បាប់អូស្ត្រាលី និងធ្លាប់មានបទពិសោធន៍ជោគជ័យក្នុងការសម្របសម្រួលវិវាទសមុទ្ររវាងទីម័រឡេស្តេ និងអូស្ត្រាលី មកជួយក្នុងយន្តការដោះស្រាយជាមួយភាគីថៃផងដែរ។

ក្រៅពីបញ្ហាសន្តិភាព និងសន្តិសុខ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ ក៏បានពិភាក្សា និងចែករំលែកបទពិសោធន៍លើការជំរុញសមភាពយេនឌ័រ និងការរក្សាមជ្ឈភាពអាស៊ាន ដើម្បីធានាថាអាស៊ាននៅតែជាតំបន់ដែលមានវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រជាជាតិទាំងមូល៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2