The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

កម្ពុជា តវ៉ាយ៉ាងខ្លាំងចំពោះការរំលោភបំពានរបស់កម្លាំងប្រដាប់អាវុធថៃ ដែលបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅឧត្តរមានជ័យ

កម្ពុជា តវ៉ាយ៉ាងខ្លាំងចំពោះការរំលោភបំពានរបស់កម្លាំងប្រដាប់អាវុធថៃ ដែលបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅឧត្តរមានជ័យ
ភ្នំពេញ, ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៖  រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានជាបន្តបន្ទាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការលើទំព័រហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃទី២២ និងថ្ងៃទី២៤ ខែសីហា កន្លងទៅនេះ កងកម្លាំងប្រដាប់អាវុធថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលមកក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ក្នុងភូមិថ្មជូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ (យោងតាមប្រភពព័ត៌មានបន្ថែមគឺលោក អានុទីន ឆានវីរៈកូល) បានធ្វើដំណើរទស្សនកិច្ចដោយគ្មានការអនុញ្ញាត មកកាន់តំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់អធិបតេយ្យរបស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពខាងលើ ដែលជាការរំលោភបំពានយ៉ាង ជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទី ខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម និងមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ក៏ដូចជាចំណុចទី១ (វិធានការកាត់បន្ថយ ភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។



កម្ពុជាបានប្រកាសជាថ្មីថា មិនទទួលស្គាល់ដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីណាមួយដោយភាគីថៃឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានទាមទារឱ្យភាគីថៃដកកងកម្លាំង និងគ្រឿងចក្រចេញពីតំបន់ទាំងនោះជាបន្ទាន់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងស្តារទំនុកចិត្តគ្នាឡើងវិញ។

ទោះបីជាមានការរំលោភបំពានក៏ដោយ កម្ពុជានៅតែរក្សាជំហររឹងមាំក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ កម្ពុជាសង្កត់ធ្ងន់ថា "ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ"៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2