The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ប្រធានរដ្ឋសភាម៉ាឡេស៊ី ចាត់ទុកការលះបង់របស់ សម្ដេចតេជោ ជាមេរៀនមួយដ៏មានសារៈសំខាន់សម្រាប់យុវជនរបស់ម៉ាឡេស៊ី

ប្រធានរដ្ឋសភាម៉ាឡេស៊ី ចាត់ទុកការលះបង់របស់ សម្ដេចតេជោ ជាមេរៀនមួយដ៏មានសារៈសំខាន់សម្រាប់យុវជនរបស់ម៉ាឡេស៊ី
ភ្នំពេញ, ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tan Sri Dato' Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ។

យោងតាមការបញ្ជាក់ពី ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ជំនួបពិភាក្សានេះបានផ្ដោតសំខាន់ទៅលើចំណុចគន្លឹះចំនួនពីរ គឺការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី និងការផ្លាស់ប្តូរយោបល់លើបរិបទនៃបញ្ហាកង្វល់សកលនាពេលបច្ចុប្បន្ន។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ដែលវត្តមាននេះបានបង្ហាញពីការគាំទ្រដល់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។

ជាការឆ្លើយតប ឯកឧត្តម Tan Sri Dato' Johari bin Abdul បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ភាពរីកចម្រើនដែលកម្ពុជាសម្រេចបានសព្វថ្ងៃ គឺជាលទ្ធផលនៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ តាំងពីក្នុងអាណត្តិជានាយករដ្ឋមន្ត្រី រហូតមកដល់ការបន្តវេនដឹកនាំដោយជោគជ័យរបស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia
ប្រធានរដ្ឋសភាម៉ាឡេស៊ី បានលើកឡើងនូវចំណុចគួរឱ្យចាប់អារម្មណ៍ថា ការលះបង់របស់សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក មិនត្រឹមតែជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពកម្ពុជានោះទេ ប៉ុន្តែថែមទាំងបានក្លាយជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់យុវជនជំនាន់ក្រោយរបស់ម៉ាឡេស៊ីក្នុងការសិក្សារៀនសូត្រផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានបង្ហាញការភ្ញាក់ផ្អើលចំពោះវឌ្ឍនភាពដ៏លើសលប់របស់កម្ពុជា ដែលលើសពីការស្មានរបស់លោកនាពេលកន្លងមក។ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី បានអបអរសាទរចំពោះកម្ពុជាដែលបានរៀបចំសន្និសីទ ISC-2 នេះឡើង និងបានជូនពរឱ្យកិច្ចប្រជុំអន្តរជាតិនេះទទួលបានលទ្ធផលជាផ្លែផ្កា និងជោគជ័យយ៉ាងត្រចះត្រចង់ ដើម្បីជាប្រយោជន៍ដល់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

សូមបញ្ជាក់ថា សន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (The 2nd Inter-Parliamentary Speakers' Conference - ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាវេទិកាតំបន់ដ៏សំខាន់ក្នុងការជំរុញកិច្ចសន្ទនារវាងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម និងពង្រឹងសសរស្តម្ភសន្តិភាពក្នុងតំបន់អាស៊ី និងសកលលោក៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3