The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

មហោស្រពភាពយន្តកម្ពុជា-អាស៊ី ប្តូរឈ្មោះផ្លូវការជា «មហោស្រពភាពយន្តអន្តរជាតិភ្នំពេញ» ពង្រីកវិសាលភាពលើឆាកអន្តរជាតិ

មហោស្រពភាពយន្តកម្ពុជា-អាស៊ី ប្តូរឈ្មោះផ្លូវការជា «មហោស្រពភាពយន្តអន្តរជាតិភ្នំពេញ» ពង្រីកវិសាលភាពលើឆាកអន្តរជាតិ
ភ្នំពេញ, ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៖ ក្នុងជំហានថ្មីមួយដើម្បីរុញច្រានឧស្សាហកម្មភាពយន្តកម្ពុជាឱ្យកាន់តែមានភាពលេចធ្លោលើឆាកអន្តរជាតិ «មហោស្រពភាពយន្តកម្ពុជា-អាស៊ី (CAFF)» ត្រូវបានប្រកាសប្តូរឈ្មោះជាផ្លូវការមកជា «មហោស្រពភាពយន្តអន្តរជាតិភ្នំពេញ (Phnom Penh International Film Festival - PPIFF)»។

ការប្រកាសនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Steigenberger (អគារ Morgan) កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ឯកឧត្តម ហាប់ ទូច បានគូសបញ្ជាក់ថា ការប្តូរឈ្មោះនេះមិនមែនត្រឹមតែជាការផ្លាស់ប្តូរផ្លាកសញ្ញានោះទេ ប៉ុន្តែគឺជាការបើកទំព័រថ្មីក្នុងការពង្រីកទំនាក់ទំនងភាពយន្តកម្ពុជាជាមួយពិភពលោកទាំងមូល។ ពីមុន មហោស្រពនេះផ្តោតជាសំខាន់លើតំបន់អាស៊ី ប៉ុន្តែក្រោមឈ្មោះថ្មី «PPIFF» វានឹងបើកទ្វារទទួលស្វាគមន៍ស្នាដៃភាពយន្ត អ្នកជំនាញ និងតារាសម្តែងមកពីគ្រប់ទ្វីបជុំវិញសកលលោក ដោយមិនកំណត់ត្រឹមតែក្នុងតំបន់អាស៊ីឡើយ។


ឯកឧត្តមបានប្រសាសន៍ថា៖ «មហោស្រពភាពយន្តអន្តរជាតិភ្នំពេញ នឹងក្លាយជាវេទិកាតភ្ជាប់វប្បធម៌ និងសិល្បៈភាពយន្តពីកម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់រាជធានីភ្នំពេញឱ្យក្លាយជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ភាពយន្តដ៏ទាក់ទាញ។ មហោស្រពភាពយន្តអន្តរជាតិភ្នំពេញ ក៏មានអត្ថន័យពិសេស ក្នុងការលើកស្ទួយ រាជធានី ភ្នំពេញ ឱ្យកាន់តែមានភាពលេចធ្លោ ក្នុងនាមជាមជ្ឈមណ្ឌលប្រមូលផ្តុំលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ នយោបាយ និងការទូតនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាទីកន្លែងជួបជុំ ផ្លាស់ប្តូរស្នាដៃភាព យន្ត ជាពិសេស ជាវេទិកាតភ្ជាប់វប្បធម៌ និងសិល្បៈភាពយន្តពីកម្ពុជាទៅតំបន់អាស៊ី និងពិភពលោកÈ។

បន្ទាប់ពីការបង្កើត “គណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី” នៅឆ្នាំ២០១៩ ដែលមាន លោកស្រី Hong Li ជានាយិកាប្រតិបត្តិ និងដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង វប្បធម៌និងវិចិត្រសិល្បៈ, គណៈកម្មការនេះបានដំណើរការរៀបចំ “មហោស្រពភាពយន្តកម្ពុជា-អាស៊ី”

photo_5_2026-08-28_14-29-56.jpgphoto_5_2026-08-28_14-29-56.jpg
ចំនួន៤លើកមកហើយកនៅរាជធានីភ្នំពេញ ក្នុងនោះ៖ លើកទី១ នៅឆ្នាំ២០២១ (ដែលរៀបចំឡើងតាម ប្រព័ន្ធ online ដោយសារពេលនោះ ពិភពលោកកំពុងប្រឈមការរាតត្បាតនៃជំងឺកូវីដ-១៩), លើកទី២ នៅឆ្នាំ២០២៤, លើកទី៣ នៅឆ្នាំ២០២៥ និងលើកទី៤ នៅខែសីហា ឆ្នាំ២០២៦ ដែលទើបតែបានបញ្ចប់ កាលពីម្សិលមិញនេះ នៅសាលសន្និសីទចតុម្មុខ។

ជាមួយនេះដែរ គណៈកម្មការនេះក៏បានរៀបចំសប្តាហ៍ភាពយន្តមួយចំនួនទៀត មានជាអាទិ៍៖ សប្តាហ៍ ផ្លាស់ប្តូរវប្បធម៌ភាពយន្តកម្ពុជា-ចិន (Cambodia-China Film Cultural Exchange Week) នៅ រាជធានីភ្នំពេញ, នៅទីក្រុងហ្វូចូវ និងនៅក្រុងសៀកមិននៃប្រទេសចិន, និង សប្តាហ៍ភាពយន្តចិននៅ កម្ពុជា (China Film Week in Cambodia) នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ កន្លងមកនេះ។

ដើម្បីជាការតបស្នងនឹងកិច្ចខិតខំប្រឹងប្រែង និងការលះបង់ធនធានផ្ទាល់ខ្លួនក្នុងការលើកស្ទួយវិស័យភាពយន្តកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់គ្រឿងឥស្សរិយយស «មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា» ជូនដល់លោកស្រី Hong Li។ នេះជាការទទួលស្គាល់នូវគុណបំណាច់ដ៏ធំធេងរបស់លោកស្រី ក្នុងការរឹតចំណងមិត្តភាពកម្ពុជា-ចិន តាមរយៈវិស័យវប្បធម៌។

PPIFF ត្រូវបានរំពឹងថានឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការទាក់ទាញផលិតករអន្តរជាតិឱ្យមកថតភាពយន្តនៅកម្ពុជា ដែលជួយជំរុញដល់ «ទេសចរណ៍ភាពយន្ត»។ ក្រសួងវប្បធម៌ក៏បានអំពាវនាវដល់ដៃគូពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ ឱ្យបន្តចូលរួមឧបត្ថម្ភ និងសហការដើម្បីឱ្យមហោស្រពនេះក្លាយជាវេទិកាផ្លាស់ប្តូរបច្ចេកទេស និងស្វែងរកឱកាសវិនិយោគថ្មីៗក្នុងឧស្សាហកម្មភាពយន្តកម្ពុជា។

ចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានវត្តមាន ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងសិល្បករ សិល្បការិនី និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3