The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

រដ្ឋបាលខេត្តសៀមរាប ត្រៀមរៀបចំព្រឹត្តិការណ៍ «សមរាត្រីអង្គរ» ជំរុញទេសចរណ៍រដូវកាលបៃតង និងការងារមនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប ត្រៀមរៀបចំព្រឹត្តិការណ៍ «សមរាត្រីអង្គរ» ជំរុញទេសចរណ៍រដូវកាលបៃតង និងការងារមនុស្សធម៌
ភ្នំពេញ, ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖ រដ្ឋបាលខេត្តសៀមរាប កំពុងញាប់ដៃញាប់ជើងរៀបចំផែនការយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «សមរាត្រីអង្គរ» ឬ Equinox Angkor Run ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំមួយ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តខេត្តសៀមរាបកាន់តែច្រើន ក្នុងកំឡុងរដូវកាលបៃតង (Green Season)។

តួយ៉ាងវ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាងឱ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ និងដៃគូសហការ ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់។

តាមគម្រោងព្រឹត្តិការណ៍ «សមរាត្រីអង្គរ» Equinox Angkor Run រត់ និងទស្សនាសមរាត្រី នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៤:៣០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយចាប់ផ្តើមពីស្ពានថ្មព្រះរាជដំណាក់ ឆ្ពោះទៅកាន់តំបន់អង្គរ។ ព្រឹត្តិការណ៍នេះរំពឹងថា នឹងមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណពី ៥.០០០ ដល់ ១០.០០០នាក់។ ខណៈការចុះឈ្មោះចូលរួមធ្វើឡើងតាមប្រព័ន្ធ Online ហើយអ្នកចូលរួមនឹងទទួលបានអាវយឺត មួក និងស្លាកលេខដោយឥតគិតថ្លៃ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administrationប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration
លើសពីព្រឹត្តិការណ៍កីឡា «សមរាត្រីអង្គរ» ក៏ជាសកម្មភាពមនុស្សធម៌ផងដែរ។ ភ្ញៀវជាតិ និងអន្តរជាតិអាចចូលរួមបរិច្ចាគថវិកាតាមសទ្ធា ដែលថវិកាទាំងនោះនឹងត្រូវប្រើប្រាស់ក្នុងកិច្ចការសង្គម និងការងារមនុស្សធម៌ដែលផ្តល់ប្រយោជន៍ដល់សហគមន៍ក្នុងខេត្តសៀមរាប។

លោកអភិបាលរងខេត្ត ង៉ូវ សេងកាក់ បានសង្កត់ធ្ងន់ទៅលើការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ អនាម័យ និងសេវាសុខាភិបាល។ លោកក៏បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ និងបណ្តាញសារព័ត៌មាន ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីបង្ហាញពីសក្តានុពលនៃតំបន់អង្គរ ជាពិសេសសោភ័ណភាពដ៏ស្រស់ត្រកាលនៃធម្មជាតិក្នុងរដូវវស្សា ឬរដូវកាលបៃតង។

ព្រឹត្តិការណ៍នេះ ត្រូវបានគេរំពឹងថានឹងជួយបង្កើនចំណូលដល់អាជីវករក្នុងស្រុក តាមរយៈការជំរុញតម្រូវការសេវាកម្មស្នាក់នៅ (សណ្ឋាគារ/ផ្ទះសំណាក់) ភោជនីយដ្ឋាន ការដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ ដែលជាផ្នែកមួយនៃការស្តារ និងលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែមានភាពរស់រវើក។

សូមបញ្ជាក់ថា «សមរាត្រី» (Equinox) គឺជាបាតុភូតធម្មជាតិដ៏អស្ចារ្យមួយ ដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលតែងតែទាក់ទាញអ្នកថតរូប និងភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនាជារៀងរាល់ឆ្នាំក្នុងខែមីនា និងខែកញ្ញា៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3