The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

សហរដ្ឋអាមេរិក ផ្ដល់ជំនួយជាង ១៣ម៉ឺនដុល្លារ ពង្រឹងការការពារបេតិកភណ្ឌប្រាសាទសំបូរព្រៃគុក តាមប្រព័ន្ធឌីជីថល

សហរដ្ឋអាមេរិក ផ្ដល់ជំនួយជាង ១៣ម៉ឺនដុល្លារ ពង្រឹងការការពារបេតិកភណ្ឌប្រាសាទសំបូរព្រៃគុក តាមប្រព័ន្ធឌីជីថល
ភ្នំពេញ, ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖ ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា លោកស្រី Cate Dillon ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានអញ្ជើញចុះទស្សនកិច្ចនៅតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ដើម្បីពិនិត្យមើលកិច្ចសហប្រតិបត្តិការលើការអភិរក្សបេតិកភណ្ឌជាតិ និងប្រកាសពីជំនួយថ្មីសម្រាប់ការពារសម្បត្តិវប្បធម៌ខ្មែរ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រីឧបការីរដ្ឋមន្ត្រី ត្រូវបានអមដំណើរដោយ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ និងលោក ច័ន្ទ វិត្ថារ៉ុង ប្រធាននាយកដ្ឋានបុរាណវិទ្យា និងអភិរក្សនៃអាជ្ញាធរជាតិសំបូរព្រៃគុក។ គួរឱ្យកត់សម្គាល់ផងដែរថា មន្ត្រីជាន់ខ្ពស់កម្ពុជាទាំងពីររូបនេះ សុទ្ធសឹងតែជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចនៅសហរដ្ឋអាមេរិក។

រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈកម្មវិធីមូលនិធិអនុវត្តកិច្ចព្រមព្រៀងទ្រព្យសម្បត្តិវប្បធម៌ (CPAIG) បានប្រកាសផ្ដល់ជំនួយបន្ថែមចំនួន ១៣២,០០០ ដុល្លារអាមេរិក។ ថវិកានេះនឹងត្រូវប្រើប្រាស់សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងបេតិកភណ្ឌ ដោយបញ្ចូលទិន្នន័យសារពើភណ្ឌរបស់អាជ្ញាធរជាតិសំបូរព្រៃគុក ទៅក្នុង «មូលដ្ឋានទិន្នន័យបេតិកភណ្ឌឌីជីថលជាតិកណ្តាល», បង្កើនសមត្ថភាពតាមដាន និងការពារបេតិកភណ្ឌវប្បធម៌ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពច្បាស់លាស់ និងពង្រឹងខ្សែការពារប្រឆាំងនឹងការជីកកកាយខុសច្បាប់ ការលួច និងការជួញដូរវត្ថុបុរាណ។

លោកស្រី Cate Dillon បានសង្កត់ធ្ងន់ថា ការផ្តល់អំណាចដល់សហគមន៍មូលដ្ឋានឱ្យយល់ដឹងពីតម្លៃបេតិកភណ្ឌ គឺជាយុទ្ធសាស្ត្រប្រកបដោយនិរន្តរភាពបំផុត ក្នុងការការពារសម្បត្តិវប្បធម៌។ នៅពេលប្រជាពលរដ្ឋយល់ច្បាស់ ពួកគេនឹងក្លាយជា «អ្នកថែរក្សា» ដ៏រឹងមាំបំផុតក្នុងការទប់ស្កាត់រាល់សកម្មភាពទុច្ចរិតនានាលើប្រាសាទបុរាណ។

គួររំឭកផងដែរថា កន្លងមកសហរដ្ឋអាមេរិកបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រតំបន់ប្រាសាទសំបូរព្រៃគុក តាមរយៈកម្មវិធីអប់រំសហគមន៍ និងការរៀបចំប្រព័ន្ធសន្តិសុខនៅតាមតំបន់ប្រាសាទ។ ជំនួយថ្មីនេះ គឺជាសក្ខីភាពមួយទៀតនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការថែរក្សាបេតិកភណ្ឌពិភពលោកមួយនេះ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3