The Khmer Daily Network Logo

National

56 minutes agoLim_Rothanaksambath

ប្រធានរដ្ឋសភាអូស្ត្រាលី បញ្ចប់ទស្សនកិច្ចនៅកម្ពុជាដោយជោគជ័យ ក្នុងបេសកកម្មពង្រឹងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនងទ្វេភាគី

ប្រធានរដ្ឋសភាអូស្ត្រាលី បញ្ចប់ទស្សនកិច្ចនៅកម្ពុជាដោយជោគជ័យ ក្នុងបេសកកម្មពង្រឹងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនងទ្វេភាគី
ភ្នំពេញ, ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយលទ្ធផលជាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងការទូតកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការសភាឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ឯកឧត្តម Milton Dick បានអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលជាវេទិកាដ៏សំខាន់ក្នុងការជំរុញកិច្ចសន្ទនា និងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិក្នុងតំបន់។

ជាផ្នែកមួយនៃដំណើរទស្សនកិច្ច ឯកឧត្តមប្រធានសភាអូស្ត្រាលី បានជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងជំនួបទាំងនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការសភា ដោយផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រឹងសមត្ថភាពស្ថាប័ននីតិប្បញ្ញត្តិ, ការលើកកម្ពស់ភាពចម្រុះនៃតំណាងរាស្ត្រ និងការជំរុញឱ្យមានការចូលរួមពីស្ត្រីក្នុងវិស័យនយោបាយ និង ការវិនិយោគលើធនធានមនុស្ស និងការផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Australian Embassy, Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Australian Embassy, Cambodia
ក្រៅពីជំនួបផ្លូវការ ឯកឧត្តម Milton Dick ក៏បានចំណាយពេលជួបជាមួយយុវជនក្នុងកម្មវិធី "Generation Next" របស់មជ្ឈមណ្ឌលអាស៊ាន-អូស្ត្រាលី (ASEAN Australia Centre) និងបេក្ខនារីដែលត្រៀមឈរឈ្មោះបោះឆ្នោតផងដែរ។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការគាំទ្រដល់មេដឹកនាំវ័យក្មេង និងការបង្កើនសម្លេងស្ត្រីក្នុងកិច្ចការសាធារណៈ ដែលជាគ្រឹះដ៏សំខាន់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងខណៈដែលប្រទេសទាំងពីរ កំពុងត្រៀមខ្លួនអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតនៅឆ្នាំ ២០២៧ ខាងមុខ។ វាគឺជាការបញ្ជាក់ជាថ្មីថា អូស្ត្រាលីនៅតែជា «ដៃគូដ៏យូរអង្វែង ដែលអាចទុកចិត្តបាន និងគួរឱ្យជឿជាក់» សម្រាប់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3