The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

កម្ពុជា បង្ហាញភាពត្រកាលនៃសិល្បៈវប្បធម៌ខ្មែរក្នុងនាមជា «ប្រទេសកិត្តិយស» នៃមហោស្រពភាពយន្តហ្វ្រង់កូហ្វូនីអង់ហ្គូលែម ឆ្នាំ២០២៦

កម្ពុជា បង្ហាញភាពត្រកាលនៃសិល្បៈវប្បធម៌ខ្មែរក្នុងនាមជា «ប្រទេសកិត្តិយស» នៃមហោស្រពភាពយន្តហ្វ្រង់កូហ្វូនីអង់ហ្គូលែម ឆ្នាំ២០២៦
ភ្នំពេញ, ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងនាមជាប្រទេសកិត្តិយសសម្រាប់ឆ្នាំ២០២៦ កម្ពុជាបាននាំយកនូវទស្សនីយភាពសិល្បៈបុរាណដ៏វិសេសវិសាលទៅបង្អួតភ្នែកទស្សនិកជនអន្តរជាតិ ក្នុងមហោស្រពភាពយន្តនៃបណ្ដាប្រទេសនិយាយភាសាបារាំង អង់ហ្គូលែម (Festival du Film Francophone d’Angoulême ២០២៦) នៅប្រទេសបារាំង ដើម្បីអបអរសាទរ និងរំលឹកដល់ស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា បានសហការជាមួយសមាគមសិល្បៈខ្មែរទេពមនោរម្យ ប្រចាំប្រទេសបារាំង បានរៀបចំការសម្ដែងរបាំអប្សរា ដែលជាព្រលឹងវប្បធម៌ជាតិ ក៏ដូចជាទស្សនីយភាពសិល្បៈផ្សេងៗទៀត ក្នុងកម្មវិធីមហោស្រពភាពយន្តដ៏ធំមួយនេះ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការបង្ហាញសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីមោទនភាពជាតិខ្មែរនៅលើឆាកអន្តរជាតិ។

ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺការសម្ដែងទស្សនីយភាព «ព្រៃប្រសិទ្ធ» ដែលជាស្នាព្រះរាជនិពន្ធដ៏វិចិត្ររបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ការយកស្នាដៃនេះមកសម្ដែង គឺក្នុងគោលបំណងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ក្នុងព្រះបរមនាមជាស្ថាបនិកមួយព្រះអង្គនៃអង្គការហ្រ្វង់កូហ្វូនី (La Francophonie) និងដើម្បីបង្ហាញពីភាពរស់រវើកនៃមរតកវប្បធម៌ដែលព្រះអង្គបានបន្សល់ទុក។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦ នេះ កម្ពុជាត្រូវបានជ្រើសរើសជា «ប្រទេសកិត្តិយស» (Pays d’honneur) ក្នុងមហោស្រពភាពយន្តអង់ហ្គូលែម ដែលជាមោទនភាពថ្មីមួយទៀតសម្រាប់វិស័យសិល្បៈ និងភាពយន្តខ្មែរ។ ការផ្ដល់កិត្តិយសនេះ ក៏ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ (20th Francophonie Summit) នៅចុងឆ្នាំ២០២៦ ផងដែរ។

វត្តមានរបស់សិល្បករខ្មែរ និងការបង្ហាញវប្បធម៌នៅទីក្រុងអង់ហ្គូលែម នាពេលនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនបារាំង និងភ្ញៀវអន្តរជាតិ ដែលជាការជួយជំរុញដល់វិស័យទេសចរណ៍វប្បធម៌ និងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនិយាយភាសាបារាំងឱ្យកាន់តែស្អិតរមួត៕

Photo: Samdech Thipdadei Hun ManetPhoto: Samdech Thipdadei Hun Manet
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
Photo: Samdech Thipdadei Hun Manet
Photo: Samdech Thipdadei Hun Manet
End image 2
End image 3