The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ក្រសួងការពារជាតិកម្ពុជា បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃ និងបង្ហាញភស្តុតាងនៃផែនការឈ្លានពានទុកជាមុន

ក្រសួងការពារជាតិកម្ពុជា បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃ និងបង្ហាញភស្តុតាងនៃផែនការឈ្លានពានទុកជាមុន
ភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់ភាគីថៃ ដែលថា កម្ពុជាជាអ្នកផ្ដើមការបាញ់ប្រហារមុននៅក្នុងជម្លោះព្រំដែន។ ផ្ទុយទៅវិញ កម្ពុជាបានបង្ហាញភស្តុតាងថា ភាគីថៃមានចេតនាបង្កសង្គ្រាមតាមរយៈផែនការយោធាដែលបានរៀបចំទុកជាមុន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ កម្ពុជាបានទាត់ចោលទាំងស្រុងនូវការអះអាងរបស់ នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់កម្ពុជាថាជាអ្នកបើកការបាញ់ប្រហារមុន។ ក្រសួងការពារជាតិបានបញ្ជាក់យ៉ាងច្បាស់ថា គឺភាគីថៃទៅវិញទេដែលជាអ្នកវាយប្រហារមកលើកម្ពុជា ហើយបានព្យាយាមដើរតួជាជនរងគ្រោះ ដើម្បីបិទបាំងសកម្មភាពយោធាខុសច្បាប់របស់ខ្លួន។

អ្វីដែលជាចំណុចសំខាន់ក្នុងសេចក្តីថ្លែងការណ៍នេះ គឺការទម្លាយឱ្យឃើញនូវផែនការត្រៀមលក្ខណៈសង្គ្រាមរបស់ថៃ ដែលមានឈ្មោះថា «ចក្រពង្ស ភូវនាថ» (Chakrabongse Bhuvanath)។ ផែនការនេះត្រូវបានប្រកាសឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលមានការវាយប្រហារមកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាបានគូសបញ្ជាក់ថា នេះគឺជាភស្តុតាងមិនអាចប្រកែកបាន ដែលបង្ហាញថាការប្រើប្រាស់កម្លាំងយោធារបស់ថៃ មិនមែនជាការការពារខ្លួនដូចការលើកឡើងនោះទេ ប៉ុន្តែគឺជាសកម្មភាពដែលបានរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ និងមានចេតនាពិតប្រាកដ។

ក្រសួងការពារជាតិកម្ពុជា ក៏បានរិះគន់ភាគីថៃផងដែរ ដែលបានយកលេសរឿងសន្តិសុខ និងបញ្ហាគ្រាប់មីន មកធ្វើជាឧបសគ្គដើម្បីបង្អាក់ ឬពន្យារពេលការងារវាស់វែង និងខណ្ឌសីមាព្រំដែន។ សកម្មភាពនេះត្រូវបានចាត់ទុកថា ផ្ទុយស្រឡះពីស្មារតីនៃសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ
កម្ពុជា បានអំពាវនាវឱ្យភាគីថៃអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព, បន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC) ឱ្យបានឆាប់រហ័ស, បញ្ឈប់ការប្រើប្រាស់កម្លាំងបាយ ដើម្បីផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតាមព្រំដែន (faits accomplis)។

ក្នុងនោះផងដែរ កម្ពុជាបានប្រកាសជាថ្មីនូវការប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានស្រាប់ ដើម្បីរក្សានូវស្ថិរភាព និងយុត្តិធម៌សម្រាប់ប្រជាជាតិទាំងពីរ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network