The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ក្រសួងអប់រំ បើកវគ្គបណ្តុះបណ្តាលការប្រើប្រាស់ «ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណអនឡាញ» បង្កភាពងាយស្រួលដល់ធុរជនក្នុងវិស័យអប់រំ

ក្រសួងអប់រំ បើកវគ្គបណ្តុះបណ្តាលការប្រើប្រាស់ «ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណអនឡាញ» បង្កភាពងាយស្រួលដល់ធុរជនក្នុងវិស័យអប់រំ
ភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងគោលដៅជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ស្តីពី “ការប្រើប្រាស់ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ” តាមរយៈប្រព័ន្ធអេឡិចត្រូនិក ជូនដល់សាធារណជន និងធុរជនទាំងអស់ដែលកំពុងវិនិយោគ ឬមានបំណងបង្កើតគ្រឹះស្ថានអប់រំក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានឱ្យដឹងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងបានដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធស្នើសុំអាជ្ញាបណ្ណឌីជីថល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។

គោលបំណងសំខាន់នៃវគ្គសិក្សានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតនានា ឱ្យស្របតាមបរិបទឌីជីថល ដោយខ្លឹមសារសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះ នឹងផ្តោតលើរបៀបចុះឈ្មោះបង្កើតគណនីប្រើប្រាស់ក្នុងប្រព័ន្ធ របៀបបំពេញពាក្យស្នើសុំឱ្យបានត្រឹមត្រូវតាមបច្ចេកទេស នីតិវិធីនៃការបញ្ចូលឯកសារគាំទ្រ ការបង់កម្រៃសេវាសាធារណៈតាមរយៈប្រព័ន្ធអេឡិចត្រូនិក ការតាមដានស្ថានភាព និងដំណើរការនៃពាក្យស្នើសុំ និង របៀបទទួលអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតជាទម្រង់ឌីជីថល។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ដោយក្នុងមួយវគ្គៗកំណត់សមាសភាពចូលរួមត្រឹមតែ ១០០នាក់ ប៉ុណ្ណោះ ដើម្បីធានាបាននូវគុណភាពនៃការសិក្សា។ ចំពោះកាលបរិច្ឆេទ និងពេលវេលាច្បាស់លាស់ ក្រសួងនឹងផ្ដល់ជូនតាមរយៈក្រុមតេឡេក្រាម បន្ទាប់ពីសិក្ខាកាមបានចុះឈ្មោះរួចរាល់។

សម្រាប់សាធារណជន និងម្ចាស់អាជីវកម្មក្នុងវិស័យអប់រំដែលមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះដោយស្កេន QR Code ដែលមានភ្ជាប់នៅក្នុងសេចក្តីជូនដំណឹងផ្លូវការរបស់ក្រសួង ឬអាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០២៣ ២២០ ៨៩៧ ក្នុងម៉ោងធ្វើការ។

គួររំលឹកផងដែរថា ការធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យអប់រំ ជាពិសេសលើការផ្តល់អាជ្ញាបណ្ណនេះ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការចំណាយពេលវេលា និងបង្កើនភាពងាយស្រួលដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia