The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ការប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យក្រសួងយុត្តិធម៌ និងក្រសួងផែនការ ក្រោមគោលការណ៍ «អ្នកចេះជាប់» នឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែកញ្ញា

ការប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យក្រសួងយុត្តិធម៌ និងក្រសួងផែនការ ក្រោមគោលការណ៍ «អ្នកចេះជាប់» នឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែកញ្ញា
ភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦៖ យោងតាមលទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួង កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការរៀបចំការប្រឡងប្រជែងបានសម្រេចកំណត់យកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ជាកាលបរិច្ឆេទសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្រសួងយុត្តិធម៌ និងក្រសួងផែនការ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ដើម្បីពិនិត្យលើវឌ្ឍនភាពការងារបច្ចេកទេស និងការត្រៀមលក្ខណៈចុងក្រោយសម្រាប់ដំណើរការប្រឡង។

តាមរយៈកិច្ចពិភាក្សា និងការពិនិត្យលើរបាយការណ៍វឌ្ឍនភាពនៃការទទួលពាក្យ អង្គប្រជុំបានឯកភាពលើចំណុចសំខាន់ៗដូចជា៖ កាលបរិច្ឆេទ និងទីតាំង ដោយការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងមណ្ឌលប្រឡងរួមមួយ គឺនៅសាលាភូមិន្ទរដ្ឋបាល (ERA)។ ចំនួនក្របខណ្ឌដែលត្រូវជ្រើសរើស ដោយក្រសួងយុត្តិធម៌ នឹងជ្រើសរើសមន្ត្រីជំនាញច្បាប់ ចំនួន ១៥កន្លែង រីឯ ក្រសួងផែនការ នឹងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ (មន្ត្រីជាប់កិច្ចសន្យា) ចំនួន ១៦កន្លែង សម្រាប់បម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia
ការប្រឡងប្រជែងនេះ ត្រូវបានរៀបចំឡើងយ៉ាងម៉ឺងម៉ាត់បំផុត ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបុព្វហេតុកែទម្រង់រដ្ឋបាលសាធារណៈ។ ការជ្រើសរើសត្រូវឈរលើគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្ន» ពោលគឺត្រូវធានាឱ្យបាននូវពាក្យស្លោក «អ្នកចេះជាប់» និង «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

ជាមួយគ្នានោះផងដែរ គណៈកម្មការរៀបចំការប្រឡងប្រជែង ក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ ឱ្យតាមដានរាល់ព័ត៌មានផ្សព្វផ្សាយបន្ថែមជាបន្តបន្ទាប់ និងត្រៀមទទួលការទាក់ទងដោយផ្ទាល់ពីសំណាក់គណៈកម្មការ ក្នុងករណីមានតម្រូវការព័ត៌មានលម្អិតណាមួយ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3