The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

កម្ពុជា ជំរុញការវិនិយោគលើធនធានមនុស្ស ពង្រឹងភាពធន់នៃហិរញ្ញវត្ថុសាធារណៈ និងហិរញ្ញប្បទានអាកាសធាតុ

កម្ពុជា ជំរុញការវិនិយោគលើធនធានមនុស្ស ពង្រឹងភាពធន់នៃហិរញ្ញវត្ថុសាធារណៈ និងហិរញ្ញប្បទានអាកាសធាតុ
ភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦៖ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល និងពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានភាពធន់ និងចីរភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្ដុះបណ្ដាលកម្រិតខ្ពស់មួយលើកិច្ចការងារ "ហិរញ្ញប្បទានអាកាសធាតុ" ដែលជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រកែទម្រង់ការគ្រប់គ្រងការវិនិយោគសាធារណៈរបស់ជាតិ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ផាកហៃយ៉ាត់ ខេត្តសៀមរាប ឯកឧត្ដម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. (តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម រស់ សីលវ៉ា) បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្ដុះបណ្ដាលស្ដីពីការលើកកម្ពស់ភាពធន់ហិរញ្ញវត្ថុសាធារណៈ និងហិរញ្ញប្បទានអាកាសធាតុ»។

វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមក្របខ័ណ្ឌនៃសម្ព័ន្ធរដ្ឋមន្ត្រីហិរញ្ញវត្ថុដើម្បីសកម្មភាពអាកាសធាតុ (The Coalition of Finance Ministers for Climate Action) និងក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ឯកឧត្ដម ប៉ែន ធីរុង្គ បានគូសបញ្ជាក់ថា ការវិនិយោគលើធនធានមនុស្សគឺជា «កម្លាំងចលករ» ដ៏សំខាន់ក្នុងការរុញច្រានការដ្ឋានកែទម្រង់ការគ្រប់គ្រងការវិនិយោគសាធារណៈ។ គោលដៅចម្បងនៃកម្មវិធីនេះ គឺដើម្បីគាំទ្រការអនុវត្តយុទ្ធសាស្ត្រជាតិ ជំរុញ «យុទ្ធសាស្ដ្រស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨» ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

សិក្សាអំពីហានិភ័យម៉ាក្រូសេដ្ឋកិច្ចដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុដែលកម្ពុជាកំពុងជួបប្រទះ បញ្ជ្រាបអាទិភាពអាកាសធាតុទៅក្នុងវដ្ដថវិកាជាតិ និងការរៀបចំគម្រោងវិនិយោគសាធារណៈបែបបៃតង និងបង្កើនសមត្ថភាពក្នុងការកៀរគរប្រភពហិរញ្ញវត្ថុអាកាសធាតុ ទាំងពីវិស័យសាធារណៈ និងឯកជន។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ GSCប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ GSC
កម្មវិធីដ៏មានសារៈសំខាន់នេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញសរុបប្រមាណ ៦០រូប រួមមាន៖ ឯកឧត្តម ឈួន សំរឹទ្ធិ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច, លោក Milan Thomas សេដ្ឋវិទូ និងជានាយកស្ដីទីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា, សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យទីក្រុងឡុងដ៍ (University of London) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និង មន្ត្រីជំនាញមកពីតាមបណ្តាក្រសួង-ស្ថាប័នគន្លឹះៗនានា។

សូមជម្រាបឱ្យដឹងផងដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយសារការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការរៀបចំប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឱ្យមានភាពធន់ (Climate-Resilient PFM) គឺជាអាទិភាពខ្ពស់បំផុតនៅក្នុង "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាការអភិវឌ្ឍសេដ្ឋកិច្ចនឹងមិនត្រូវបានរំខានដោយគ្រោះមហន្តរាយធម្មជាតិ និងដើម្បីសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3