The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ រៀបចំរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៥ ជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ចីរភាព

ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ រៀបចំរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៥ ជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ចីរភាព
ភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចពិភាក្សាពិគ្រោះយោបល់ស្តីពីការរៀបចំរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៥ ដើម្បីប្រមូលធាតុចូល និងបច្ចុប្បន្នភាពទិន្នន័យវិទ្យាសាស្ត្រ សំដៅគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត និងការរៀបចំផែនការអភិវឌ្ឍន៍ជាតិឱ្យស្របតាមចក្ខុវិស័យបរិស្ថានកម្ពុជា។
កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានគ្រប់គ្រងព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រោមការគាំទ្រពីអង្គការ GIZ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

របាយការណ៍ស្ថានភាពបរិស្ថានជាតិ គឺជាឯកសារយោងដ៏មានសារៈសំខាន់បំផុតដែលចងក្រងនូវទិន្នន័យវិទ្យាសាស្ត្រ និងស្ថានភាពជាក់ស្តែងនៃធនធានធម្មជាតិនៅកម្ពុជា។ របាយការណ៍នេះនឹងក្លាយជាឧបករណ៍មិនអាចខ្វះបានសម្រាប់អ្នកធ្វើផែនការ និងអ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងរាជរដ្ឋាភិបាល, វិនិយោគិន និងឧស្សាហករ ដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគបៃតង, អ្នកសិក្សាស្រាវជ្រាវ និងសហគមន៍ ដើម្បីតាមដានការប្រែប្រួលនៃប្រព័ន្ធអេកូឡូស៊ី និង ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល។
ប្រធានបទស្នូលទាំង ៦ នៃបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៥ មានដូចជា៖ គុណភាពខ្យល់ (ការតាមដាន និងគ្រប់គ្រងការបំពុលបរិយាកាស), ធនធានទឹក (ការគ្រប់គ្រងប្រភពទឹកស្អាត និងការប្រើប្រាស់ប្រកបដោយចីរភាព), ការប្រែប្រួលអាកាសធាតុ (យុទ្ធសាស្ត្របន្សុាំ និងការកាត់បន្ថយផលប៉ះពាល់), ព្រៃឈើ និងការប្រើប្រាស់ដី (ស្ថានភាពគម្របព្រៃឈើ និងការបែងចែកដីធ្លី), សំណល់រឹង និងសំរាម (ការគ្រប់គ្រង និងការកែច្នៃសំណល់តាមទីក្រុង និងជនបទ) និង សំណល់រាវ និងទឹកកខ្វក់ (ប្រព័ន្ធចម្រោះ និងការការពារប្រភពទឹកពីការបំពុល)។

យោងតាមច្បាប់ និងបទដ្ឋានបច្ចេកទេស របាយការណ៍ស្ថានភាពបរិស្ថានជាតិ ត្រូវរៀបចំឡើងយ៉ាងតិច ៤ឆ្នាំម្តង។ គិតមកទល់ពេលនេះ កម្ពុជាធ្លាប់សម្រេចបាននូវការបោះពុម្ពចំនួន ៤លើករួចមកហើយ គឺនៅឆ្នាំ១៩៩៤, ២០០៥, ២០១៩ និងលើកទី៤ នៅឆ្នាំ២០២១។ ការរៀបចំលើកទី៥នេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចបរិស្ថាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។
ឯកឧត្តម អ៊ាត សីលា បានសង្កត់ធ្ងន់ថា ការចូលរួមផ្តល់ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ គឺជាសេចក្តីត្រូវការចាំបាច់ ដើម្បីធានាថា របាយការណ៍នេះមានភាពសុក្រឹត ឆ្លុះបញ្ចាំងពីតថភាពពិត និងអាចយកទៅប្រើប្រាស់ជាប្រយោជន៍រួមសម្រាប់ជាតិទាំងមូល៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environment
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environment
End image 2
End image 3