The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ជនជាតិចិន ១២២នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ និងស្នាក់នៅខុសច្បាប់

ជនជាតិចិន ១២២នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ និងស្នាក់នៅខុសច្បាប់
ភ្នំពេញ, ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានអនុវត្តនីតិវិធីបណ្ដេញជនជាតិចិនចំនួន ១២២នាក់ ចេញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ តាមរយៈយន្តហោះពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីរកឃើញថាពួកគេមានការពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា និងការស្នាក់នៅដោយខុសច្បាប់។

យោងតាមការណែនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រោមការដឹកនាំតម្រង់ទិសពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជូនជនបរទេសទាំង ១២២នាក់ (ក្នុងនោះមានស្រី ៣នាក់) ត្រឡប់ទៅប្រទេសកំណើតវិញ។

ក្រុមជនជាតិចិនទាំងនេះ ត្រូវបានសមត្ថកិច្ចរកឃើញថាបានប្រព្រឹត្តកំហុសឆ្គង និងបទល្មើស រួមមាន៖ ការលួចស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់, ការស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ឬឯកសារច្បាប់ត្រឹមត្រូវ, ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីធ្វើសកម្មភាពឆបោកតាមអនឡាញ (Online Scams)។

ប្រតិបត្តិការបង្ក្រាប និងបណ្ដេញចេញនេះ គឺជាការឆ្លុះបញ្ចាំងពីការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែសង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាជម្រករបស់ឧក្រិដ្ឋជនឡើយ។

សម្តេចធិបតី ធ្លាប់បានប្រកាសជំហរយ៉ាងច្បាស់ថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ»។ សម្តេចបានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តបោសសម្អាត និងបង្ក្រាបឱ្យដល់មេខ្លោង ដើម្បីការពារកិត្តិយសជាតិ និងសន្តិសុខក្នុងតំបន់។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ខ្លួននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរអន្តរជាតិ ដើម្បីស្រាវជ្រាវ និងលុបបំបាត់រាល់សំបុកឧក្រិដ្ឋកម្មបច្ចេកវិទ្យា ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការខុសច្បាប់នៅកម្ពុជា។ ការបណ្ដេញចេញជាបន្តបន្ទាប់នូវជនបរទេសដែលខុសច្បាប់នេះ គឺជាសារដាស់តឿនមួយដល់ក្រុមឧក្រិដ្ឋជនថា កម្ពុជាកំពុងពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងបំផុត។

គួររំលឹកផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនសកម្មភាពបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងការឆបោកតាមប្រព័ន្ធអនឡាញនៅតាមបណ្តាខេត្តសក្តានុពលមួយចំនួន ដែលនាំឱ្យមានការឃាត់ខ្លួន និងបណ្ដេញជនបរទេសខុសច្បាប់ចេញពីកម្ពុជាជាច្រើនករណី៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI