The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

កងពលធំអន្តរាគមន៍លេខ៣ ជំរុញការរៀបចំបើកគណនីធនាគារជូនយោធិន ពង្រឹងប្រសិទ្ធភាពនៃការបើកបៀវត្សតាមប្រព័ន្ធឌីជីថល

កងពលធំអន្តរាគមន៍លេខ៣ ជំរុញការរៀបចំបើកគណនីធនាគារជូនយោធិន ពង្រឹងប្រសិទ្ធភាពនៃការបើកបៀវត្សតាមប្រព័ន្ធឌីជីថល
ភ្នំពេញ, ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៖ យោធិននៃកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ នៃកងយោធពលខេមរភូមិន្ទ កំពុងចាប់ផ្តើមដំណើរការរៀបចំបែបបទបើកគណនីធនាគារ ដើម្បីទទួលប្រាក់បៀវត្សតាមប្រព័ន្ធធនាគារឱ្យបាន ១០០% នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខ ស្របតាមការណែនាំរបស់ក្រសួងការពារជាតិ។

កាលពីថ្ងៃទី០២ ខែកញ្ញា នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងខេត្តព្រះវិហារ បានរៀបចំពិធីប្រជុំពិភាក្សា និងផ្សព្វផ្សាយនីតិវិធីស្តីពីការបើកគណនីធនាគារជូនយោធិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មេបញ្ជាការកងពលតូចចំណុះ នាយការិយាល័យ និងនាយទាហានទទួលបន្ទុកការងារហិរញ្ញវត្ថុយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ជា សុវណ្ណ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ បានអានសេចក្ដីណែនាំលេខ ០០៤/២០២៦ សណន របស់ក្រសួងការពារជាតិ ចំណែកលោក វរសេនីយ៍ឯក ឥត តូលី នាយផ្នែកហិរញ្ញវត្ថុ បានពន្យល់យ៉ាងលម្អិតអំពីនីតិវិធីបច្ចេកទេស និងរបៀបរបបនៃការអនុវត្ត ដើម្បីធានាថាការបើកគណនីនេះប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព។

យោងតាមគោលការណ៍របស់ក្រសួងការពារជាតិ យោធិនគ្រប់រូបមានសិទ្ធិជ្រើសរើសធនាគារពាណិជ្ជណាមួយ ក្នុងចំណោមធនាគារដៃគូទាំង ៨ ដែលបានចុះអនុស្សរណៈ (MOU) ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន៖ ១. ធនាគារ អេស៊ីលីដា (ACLEDA), ២. ធនាគារ កាណាឌីយ៉ា (Canadia), ៣. ធនាគារ វឌ្ឍនៈ (Vattanac), ៤. ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ៥. ធនាគារ វីង (Wing), ៦. ធនាគារ ABA, ៧. ធនាគារ ជីប ម៉ុង (Chip Mong) និង៨. ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (J Trust Royal)

សម្រាប់ការរៀបចំបែបបទនេះ យោធិនតម្រូវឱ្យមានត្រឹមតែ «អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព (ច្បាប់ថតចម្លង)» និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងប៉ុណ្ណោះ។

ក្នុងប្រសាសន៍ផ្តាំផ្ញើនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ជាឱ្យមេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានម៉ឺងម៉ាត់បំផុត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដំណើរការនៃការបើកគណនីត្រូវចាប់ផ្តើមអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ និងត្រូវបញ្ចប់ឱ្យបានជាស្ថាពរ ១០០% នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។

ការផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការបើកបៀវត្សនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្មរដ្ឋបាលយោធា ធានាបាននូវសុក្រឹតភាព ល្បឿនលឿន និងបង្កលក្ខណៈងាយស្រួលដល់យោធិនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាព៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army