The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

កម្ពុជា-កាណាដា ប្ដេជ្ញាពង្រីកទំហំពាណិជ្ជកម្មឱ្យលើស ២ប៊ីលានដុល្លារ និងពង្រឹងការទូតសភាឱ្យកាន់តែស៊ីជម្រៅ

កម្ពុជា-កាណាដា ប្ដេជ្ញាពង្រីកទំហំពាណិជ្ជកម្មឱ្យលើស ២ប៊ីលានដុល្លារ និងពង្រឹងការទូតសភាឱ្យកាន់តែស៊ីជម្រៅ
ភ្នំពេញ, ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងស្មារតីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គ្រីស្ទាន ដេរ៉ូស (Christian DesRoches) ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព។ ជំនួបនេះបានផ្តោតជាសំខាន់លើការជំរុញសេដ្ឋកិច្ច ការទូតសភា និងការឆ្លើយតបទៅនឹងបញ្ហាសន្តិសុខតំបន់។

នៅក្នុងជំនួបនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងនូវការអបអរសាទរចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយយោងតាមទិន្នន័យពីភាគីកាណាដា ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៥ កន្លងទៅ សម្រេចបានរហូតដល់ជាង ២ ប៊ីលានដុល្លារអាមេរិក។

ឯកឧត្តមបានចាត់ទុកការសម្រេចចិត្តរបស់រដ្ឋាភិបាលកាណាដា ក្នុងការដំឡើងកម្រិតតំណាងការទូតទៅជា «ស្ថានទូតពេញលេញ» នៅរាជធានីភ្នំពេញ គឺជាសញ្ញាណវិជ្ជមាននៃការជឿទុកចិត្ត និងការប្តេជ្ញាចិត្តយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តមប្រធានស្តីទី ក៏បានជំរុញឱ្យធុរជនកាណាដាបង្វែរការចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលរបស់កម្ពុជា រួមមាន កសិកម្មទំនើប និងការធ្វើអាជីវកម្មធនធានរ៉ែ។

ជាការឆ្លើយតប ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស បានបង្ហាញនូវទស្សនៈវិជ្ជមានចំពោះភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ទោះបីជាស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិភូមិសាស្ត្រនយោបាយ និងជម្លោះនៅមជ្ឈិមបូព៌ាក៏ដោយ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការគាំទ្ររបស់កាណាដាចំពោះសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ និងបានអះអាងពីការបញ្ជូនប្រតិភូជាន់ខ្ពស់មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (Francophonie Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

ពាក់ព័ន្ធនឹងកិច្ចការនីតិប្បញ្ញត្តិ ឯកឧត្តម អ៊ុច បូររិទ្ធ បានលើកស្នើឱ្យមាន «កិច្ចពិគ្រោះយោបល់ជាទៀងទាត់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ» ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ។ នេះគឺជាផ្នែកមួយនៃអាទិភាពថ្មីរបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលផ្តោតលើការទូតសភា និងការផ្សារភ្ជាប់ជាមួយម្ចាស់ឆ្នោត។

ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានស្តីទីបានគូសបញ្ជាក់ជាថ្មីនូវជំហរម៉ឺងម៉ាត់របស់កម្ពុជា គឺការប្រកាន់ខ្ជាប់នូវផ្លូវចរចាដោយសន្តិវិធី ការគោរពអធិបតេយ្យភាព និងការអនុវត្តតាមច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានានូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3