The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

កម្ពុជា និងរវ៉ាន់ដា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦

កម្ពុជា និងរវ៉ាន់ដា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦
ភ្នំពេញ, ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងគោលដៅពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងរវ៉ាន់ដា បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាពិសេសក្នុងឱកាសដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ គឺកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅចុងឆ្នាំនេះ។

កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Bakuramutsa Nkubito Manzi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដាប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល) ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញបេសកកម្មការងារនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្ដោតការពិភាក្សាលើលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលនានា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទោះបីជាមានគម្លាតភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា និងរវ៉ាន់ដា សុទ្ធតែជាប្រទេសដែលមានប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា និងមានការងើបឡើងវិញយ៉ាងឆាប់រហ័សពីសង្គ្រាម ដែលជាមូលដ្ឋានគ្រឹះក្នុងការយល់ចិត្តគ្នា និងការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាតិ។


ចំណុចសំខាន់មួយទៀតនៃកិច្ចពិភាក្សា គឺវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ និងព្រឹត្តិការណ៍អមនានា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

លោកជំទាវ អ៊ាត សោភារដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតរវ៉ាន់ដាថា កម្ពុជាកំពុងត្រៀមខ្លួនយ៉ាងសកម្ម និងទន្ទឹងរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់ពីប្រទេសរវ៉ាន់ដា រួមមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រីការបរទេស ព្រមទាំងគណៈប្រតិភូពីបណ្តាប្រទេសជាសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដទៃទៀត។


គួររំលឹកផងដែរថា រវ៉ាន់ដា គឺជាសមាជិកដ៏សកម្មមួយនៃ OIF ហើយលោកស្រី Louise Mushikiwabo ដែលជាអគ្គលេខាធិការបច្ចុប្បន្នរបស់អង្គការ OIF ក៏ជាអតីតរដ្ឋមន្ត្រីការបរទេសរវ៉ាន់ដាផងដែរ។ ដូច្នេះ កិច្ចសហការជិតស្និទ្ធរវាងកម្ពុជា និងរវ៉ាន់ដា គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ភាពជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperationប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation
ការដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាមោទនភាពជាតិ និងជាការបង្ហាញពីតួនាទីកាន់តែខ្លាំងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ពិសេសនៅក្នុងចំណោមប្រទេសប្រើប្រាស់ភាសាបារាំងដែលមានសមាជិកជិត ៩០ ប្រទេស និងរដ្ឋាភិបាល។

បេសកកម្មរបស់ឯកឧត្តម Bakuramutsa Nkubito Manzi នៅកម្ពុជានៅពេលនេះ មិនត្រឹមតែពង្រឹងទំនាក់ទំនងការទូតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាណវិជ្ជមាននៃការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ីអាគ្នេយ៍ និងតំបន់អាហ្វ្រិកផងដែរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network